ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

មហា​បាតុកម្ម​ឯកឧត្តម សម រង្ស៊ី បួងសួង​ចង់​ស្វែងរក​យុត្តិធម៌​រឿង​បោះឆ្នោត រីឯ​លោក​សយ សុភាព បួងសួង​សុំ​ឲ្យ​អ្នកនយោបាយ​ត្រូវ​គ្នា តើ​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​ខាង​ណា​?

​ប្រភពព័ត៌មាន​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​១២​ថ្ងៃត្រង់ លោក​សយ សុភាព ដែល​គេ​ស្គាល់​ថា ជា​នាយក​កាសែត​ដើមអម្ពិល និង​ជា​អ្នកវិភាគ​ព័ត៌មាន​នៅ​ទូរទស្សន៍​បាយ័ន និង​សហការី​បាន​ទៅ​អុជ​ធូប​បួងសួង​នៅ​វត្ត​ត្រឡែងកែង ក្នុង​បន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង ចំពោះមុខ​ព្រះ​ភក្ត្រ​ព្រះ​គោ​-​ព្រះ​កែវ សុំ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ឲ្យ​ជួយ​តម្រង់​ចិត្តគំនិត​អ្នកនយោបាយ​ខ្មែរ ដែលមាន​ទំនាស់​គ្នា​ងាក​មក​និយាយ​រកគ្នា ដោយ​ស្តាប់​គ្នា ចេះ​អត់ឱន​ឲ្យ​គ្នា ចេះ​ស្រឡាញ់គ្នា និង​គិត​ប្រយោជន៍​ជាតិខ្មែរ​ជាធំ​។

ពិធីបួងសួង​របស់លោក សយ សុភាព អ្នកវិភាគ​ព័ត៌មាន​ដែល​គេ​រិះគន់​ច្រើន​នេះ​បាន​ធ្វើឡើង​ក្រោយពេល​មួយថ្ងៃ នៃ​ការ​ប្រារព្ធ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក​។​ ​

ដោយឡែក មហា​បាតុកម្មអហិង្សា​ដែល​ដឹកនាំ​ឲ្យ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​រួមបញ្ចូល​នឹង​ពិធី​អុជ​ធូប​បួងសួង​ផង​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​នោះ គឺ​សុំ​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ចូលមកសណ្ឋិត​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចេះ​រួបរួម​ស្រឡាញ់គ្នា​វេញ​ជា​ធ្លុង​មួយ និង​ជាពិសេស​ឲ្យ​ជួយ​ជំរុញ​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។

លើសពីនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​សាជាថ្មី​ទៀត​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​គឺ​នៅ​ថ្ងៃទី​១៥-១៦-១៧ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ព្យាយាម​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បង្ហាញថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាញ់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​។​ ​

ដូច្នេះ តើ​វត្ថុ​ស័ក្តិសិទ្ធិ​នឹង​ចូល​សណ្ឋិត​និង​ជួយ​ឲ្យ​បានសម្រេច​ទៅលើ​ការ​បួងសួង​របស់​ភាគី​ខាង​ណា រវាង​លោក សយ សុភាព និង​មហា​បាតុកម្ម​ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី ដែលមាន​មនុស្ស​ចូលរួម​រាប់ម៉ឺន​នាក់​នោះ​?៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.