ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

មើល​មុខមាត់​មន្ត្រី​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២​រូប​ដែល​កំពូល​រើសអើង​ក្នុង​ការងារ​សាធារណៈ​

​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ទៅលើ​សេវាសាធារណៈ​នាំ​ឲ្យ​លេចចេញ​មានការ​រើសអើង​ក្នុងការ​បំពេញការងារ​របស់​មន្ត្រី​សាធារណៈ​នៅ​គ្រប់​ស្ថាប័នរដ្ឋ ជាពិសេស​រូបភាព​នៃ​ការជ្រៀតជ្រែក​របស់​គណ​បក្ស​កាន់អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅក្នុង​ស្ថាប័ន​ជាតិ​តែម្តង​។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើកយក​ព័ស្តុតាង​ទាក់ទង​នឹង​មន្ត្រី​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ចំនួន​២​រូប​ដែល​បម្រើ​ការងារ​សាធារណៈ​ពោរពេញ​ទៅដោយ​ការរើសអើង​ផុត​លេខ គឺ​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ និង​ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៅ​មណ្ឌល​ខេត្តព្រៃវែង និង​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ និង​ជា​បក្ខជន​ធ្លាក់ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តតាកែវ ដូចតទៅ​៖

១- ឯកឧត្តម ប៊ិន ឈិន អាយុ​៦៤​ឆ្នាំ ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥ លំដាប់​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ខេត្តព្រៃវែង ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ​។ កាល​នៅ​កាន់​មុខតំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ឯកឧត្តម​រូបនេះ មាន​ភារកិច្ច​ពិនិត្យ និង​ដោះស្រាយ​សំណុំរឿង​ទំនាស់​ដីធ្លី​មួយកន្លែង​ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ «​អតីត​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង​» រវាង​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ និង​លោក​សេដ្ឋី​ឧកញ៉ា​ម្នាក់​ឈ្មោះ ជៀម ផែន​។​ ​ក្នុងការ​ដោះស្រាយ​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ ដើម្បី​រកហេតុ​ផល​ធ្វើការ​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា ជៀម ផែន ជា​អ្នកមាន​លុយកាក់ ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ក្រុមហ៊ុនស្រា​បៀរ លី​អូ នោះ ឯកឧត្តម ប៊ិន ឈិន បាន​រាយការណ៍​ជូន «​សម្តេច​តេ​ជោ​សែន​» ជា​នាយករដ្ឋមន្ត្រី​សុំ​ការសម្រេច​ដោយផ្ទាល់ ដោយ​ធ្វើ​របាយការណ៍​ភ្ជាប់​តំណាង​ប្រជាពលរដ្ឋ​ទៅនឹង​គណបក្សនយោបាយ​ប្រឆាំង «​អតីត​គណបក្ស​សម រង្ស៊ី​» ថា ជា​អ្នក​បំផុសបំផុល​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុងពេល​បោះឆ្នោត «Sic!» ។

ជា​លទ្ធផល​ព្រោះតែ​របាយការណ៍​ក្នុងន័យ​រើសអើង​ដ៏​សាហាវ​របស់​ឯកឧត្តម ប៊ិន ឈិន នេះ ត្រូវបាន​នាយករដ្ឋមន្ត្រី​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា ជៀម ផែន កាន់កាប់​ជា​កម្មសិទ្ធិ​ស្របតាម​បំណង​របស់​ឯកឧត្តម ប៊ិន ឈិន មែន ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​រស់នៅ​រងទុក្ខវេទនា​ដោយ​អស់​ដីធ្លី ផ្ទះសម្បែង និង​សាលារៀន សម្រាប់​កូនចៅ​រៀនសូត្រ អស់រលីង​។​ ​

លុះដល់​ដើមឆ្នាំ​២០១៣ ទើប «​សម្តេច​តេ​ជោ​សែន​» ដឹង​រឿងរ៉ាវ​ពិត​ក៏បាន​សម្រេចយក​ដី​ទំនាស់​ដដែល​នេះ​ប្រគល់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​កាន់កាប់​ជា​កម្មសិទ្ធិ​វិញ ព្រមទាំង​បាន​សាងសង់​ផ្ទះសម្បែង​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ទៀតផង បន្ទាប់ពី​រងគ្រោះ​អស់​រយៈពេល​ជា​៦​ឆ្នាំ មកហើយ «​សូម​ចូល​អាន​ការចុះផ្សាយ​របស់​គេហទំព័​រ​សារព័ត៌មាន​ដើមត្នោត​នាពេល​កន្លងមក​បន្ថែម​»​។​ ​នេះ​គឺជា​ព័ស្តុតាង​ជាក់ស្តែង​បំផុត​ដែល​បញ្ជាក់​ឲ្យ​ឃើញថា មន្ត្រី​ថ្នាក់​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​មុខការ​ដោះស្រាយ​បម្រើសេវា​សាធារណៈ​បែរជាយក​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​មក​ឡូកឡំ​ទៅវិញ​។

ថ្វី​ដ្បិត​ឯកឧត្តម ប៊ិន ឈិន បាន​ជាប់ឆ្នោត​ជា​អុ្ន​ក​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៅ​មណ្ឌល​ខេត្តព្រៃវែង​ក៏ពិតមែន ប៉ុន្តែ​អំពើ​របស់​ឯកឧត្តម ប៊ិន ឈិន ដែល​បម្រើ​ការងារ​សាធារណៈ​ប្រកបដោយ​ភាព​រើសអើង​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​បាត់បង់​ទំនុកចិត្ត​និង​ក៏​ជាហេតុ​ផល​មួយ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេងឆ្នោត​គាំទ្រ​នៅ​មណ្ឌល​ខេត្តព្រៃវែង ហើយ​ចាញ់​គណបក្សនយោបាយ​ប្រឆាំង​ចំនួន​១​អាសនៈ «​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៥​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៦​អាសនៈ​ក្នុងចំណោម​អាសនៈ​សរុប​ចំនួន​១១»​។​

២- ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន អាយុ​៦៥​ឆ្នាំ ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លំដាប់​លេខ​រៀង​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ខេត្តតាកែវ​។ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ ឯកឧត្តម​រូបនេះ មហា​ព្រងើយកន្តើយ​មិនដែល​បាន​ឆ្លើយតប​ទៅនឹង​លិខិត​លាយលក្ខណ៍អក្សរ​របស់​សារព័ត៌មាន​ដើមត្នោត ដែលមាន​ចំនួន​រហូតដល់​ទៅ​២​ដង «​លិខិត​លើក​ទី​១ ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០០៨ និង​លិខិត​លើក​ទី​២ ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០០៨» បាន​ម្តងណា​ឡើយ ទាក់ទង​នឹង​ការស្នើសុំ​ព័ត៌មាន​ស្តីពី​ការការពារ អភិរក្ស ដាំ​ដុះ និង​ប្រើប្រាស់​ដើមត្នោត​ឲ្យ​មាន​និរន្តរភាព ក្នុងន័យ​ចូលរួម​អនុវត្តន៍​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល​ស្តីពី​វិធានការ​ការពារ និង​អភិរក្ស​ដើមត្នោត​។​

​ការចេញលិខិត​លាយលក្ខណ៍អក្សរ​របស់​សារព័ត៌មាន​ដើមត្នោត ដែល​បាន​គោរព​ផ្ញើជូន​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន គឺធ្វើឡើង​ស្របទៅតាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​យ៉ាង​ច្បាស់លាស់​ក្នុងន័យ​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រី​រូបនេះ​មហា​មានការ​រើសអើង ដោយ​ទំនងជា​គិត​តាមរបៀប​ស្រមើស្រមៃ និង​ចោទប្រកាន់ថា សារព័ត៌មាន​ដើមត្នោត​ជា​សារព័ត៌មាន​ប្រឆាំង​មិន​ផ្តល់​ផលប្រយោជន៍​ឲ្យ​ខ្លួន ដូច​សារព័ត៌មាន​ដង្ហែ​អែបអប​ឯទៀត​ទើប​មិន​ខ្ចី​ឆ្លើយតប​មក​សារព័ត៌មាន​ដើមត្នោត​វិញ​ទាល់តែសោះ ព្រោះ​ខ្លាច​ថោក​តែបើ​ធ្លាក់ឆ្នោត​មិន​ខ្លាច​ថោក​ទេ​។ ​

អំពើ​រើសអើង​ប្រកបដោយ​ភាព​អគតិ​របស់​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន មិន​ត្រឹមតែ​សារព័ត៌មាន​ដើមត្នោត​ទេ ដែល​មានការ​អាក់អន់​ស្រពន់ចិត្ត និង​ក្តៅក្រហាយ ព្រមទាំង​មិន​គាំទ្រ សូម្បីតែ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នៅ​មណ្ឌល​ខេត្តតាកែវ​ក៏​មិន​គាំទ្រ​ឯកឧត្តម​រូបនេះ​ដែរ ទើប​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ដ៏​មហិមា​មិនបាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៅ​មណ្ឌល​ខេត្តតាកែវ «​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៤​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៤​អាសនៈ​ស្មើគ្នា​»​។​ ​

ទាំងនេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុងចំណោម​ព័ស្តុតាង​ជាច្រើន​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា មន្ត្រី​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយចំនួន​បម្រើការ​ងា​រ​សេវាសាធារណៈ​ពោរពេញ​ទៅដោយ​ការរើសអើង និង​ការ​លាប​ពណ៌ ហើយ​ចូលចិត្ត​តែ​ប្រភេទ​មនុស្ស និង​សារព័ត៌មាន​ដែល​អែបអប ដង្ហែ ហៃអើ ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សម្តែង​នូវ​ការរិះគន់ និង​ខឹងសម្បា​។

ដូច្នេះ សូម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពូលៗ​ដែលមាន​អំណាច​និង​មាន​លុយកាក់​ចាយ​មិន​អស់​ទាំងឡាយ​ធ្វើការ​ពិចារណា​អំពី​រឿងនេះ​ឡើងវិញ​ផង​នៅក្នុង​អាណត្តិ​ថ្មី​ខាងមុខ​៕​

 

 
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.