នាវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣នេះ មានការណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកមួយឋិតនៅក្បែសាលាបឋមសិក្សា Balijie នៃទីក្រុង Guilin នៅភាគខាងត្បូងប្រទេសចិន ក្នុងតំបន់ស្វ័យត Guangxi Zhuang ដែលជាតំបន់ទេសរណ៍ដ៏ពេញនិយមនិងល្បីល្បាញនៅប្រទេសចិន។
សមត្ថកិច្ចប៉ូលិសបានរាយការណ៍ប្រាប់បណ្តាញព័ត៌មាន Xinhua របស់ចិនឲ្យដឹងថា មានមនុស្ស២នាក់ គឺបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានសម្លាប់ភ្លាមៗ និងមនុស្សចំនួន១៧នាក់ទៀតបានរងរបួស ក្នុងនោះមានចំនួន១០នាក់ជាសិស្សសាលានៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏គួរឲ្យរន្ធត់នេះ ហើយអ្នករងរបួសទាំងអស់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯបង្អួច និងទ្វារសាលារៀនមួយផ្នែកត្រូវទទួលរងការខូចខាត។
សាក្សីបានប្រាប់ឲ្យដឹងថា ក្នុងខណៈដែលសិស្សានុសិស្សដល់ម៉ោងចូលសិក្សាក្នុងសាលារបស់ពួកគេ ដែលឋិតនៅក្នុងទីក្រុងទេសចរណ៍ Guangxi ដ៏ល្បីល្បាញនោះ ស្រាប់តែមានជនមិនស្គាល់មុខជិះម៉ូតូឆ្លងកាត់ច្រកចូលសាលារៀនហើយក៏មានសំឡេងផ្ទុះយ៉ាងក្រក្រើកលាន់ឮឡើង ខណៈដែលមានមនុស្សរងរបួស និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នៅវេលាព្រឹកមិញនេះ ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចរបស់ចិនកំពុងតែស្រាវជ្រាវស៊ើបអង្កេតអំពីមូលហេតុ និងជនបង្ក ដែលធ្វើឲ្យមានការបំផ្ទុះគ្រាប់បែកយ៉ាងរន្ធត់នេះ៕