នៅមុនពេលលទ្ធផលឆ្នោតផ្លូវការត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" នាថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី៤របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ចាម ធ្លាប់បានធ្វើការទស្សន៍ទាយ ប៉ាន់ស្មានទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិនឹងទទួលបាន៥៥អាសនៈ នៅក្នុងអាសនៈរដ្ឋសភាសរុបចំនួន១២៣អាសនៈ ។
ដោយឡែក ឯកឧត្តម កឹម គុណវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សាផ្ទាល់"សម្តេចតេជោសែន" និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា "ទទក" ធ្លាប់បានPost អត្ថបទមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ដោយសម្តែងនូវការយល់ឃើញរបស់ឯកឧត្តមថា "លទ្ធផលដែលគណបក្សសង្គ្រោះជាតិទទួលបានពីការបោះឆ្នោត៥៥អាសនៈ វាមានទំហំធំធេងណាស់ទៅហើយ សម្រាប់គណបក្សសង្គ្រោះជាតិ…" ។
អ្នកវិភាគឯករាជ្យនៅកម្ពុជាបានលើកឡើងថា ទស្សនៈយល់ឃើញរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ គឺចង់សំដៅថា គណបក្សសង្គ្រោះជាតិនឹងត្រូវទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនត្រឹម៥៥អាសនៈ ពីព្រោះចំនួនេះវាមានទំហំធំធេងណាស់ទៅហើយ គឺមិនអាចលើសហ្នឹងបានឡើយ ។
ការទស្សន៍ទាយប៉ាន់ស្មានរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងការយល់ឃើញរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតមុនពេល គ.ជ.ប ប្រកាសលទ្ធផលផ្លូវការបែបនេះ គឺបានធ្វើឲ្យមជ្ឈដ្ឋានអ្នកលេង Facebook មានការរិះគន់យ៉ាងខ្លាំងក្លា ហើយបានចោទប្រកាន់ទៀតថា មានចេតនាបន្តុះបង្អាប់ទៅលើគណបក្សសង្គ្រោះជាតិ ពីព្រោះវាឋិតនៅក្នុងដំណាក់កាលដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើការតវ៉ាទៅនឹងលទ្ធផលឆ្នោតនៅឡើយ ព្រមទាំងគណបក្សសង្រោះជាតិបានចោទប្រកាន់ដោយចំៗថា ការបោះឆ្នោតមានភាពមិនប្រក្រតី ។
ឥឡូវនេះ លទ្ធផលឆ្នោតផ្លូវការត្រូវបានប្រកាសដោយ គ.ជ.ប រួចហើយកាលពីថ្ងៃម្សិលមិញ គឺបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានចំនួន៥៥អាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ខាងមុខ ។ ដូច្នេះ មានន័យថា ការទស្សន៍ទាយប៉ាន់ស្មានរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងការយល់ឃើញរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ ទាក់ទងនឹងលទ្ធផលឆ្នោត គឺត្រឹមត្រូវ និងក្លាយជាការពិតប្រាកដទាំងស្រុង ។
ស្របពេលជាមួយគ្នានេះផងដែរ មជ្ឈដ្ឋានអ្នកលេង Facebook បានរិះគន់ទៅលើការទស្សន៍ទាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៤ "សព្វថ្ងៃបានលាលែងពីអ្នកតំណាងរាស្ត្រជាប់ឆ្នោតមកត្រៀមបំពេញការងារជាសមាជិករាជរដ្ឋាភិបាលនីតិកាលថ្មី" និងការយល់ឃើញរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតដែលក្លាយជាការពិតនោះថា គឺដោយសារពួកគាត់ជាមន្ត្រីថ្នាក់ធំរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះគាត់អាចដឹងលទ្ធផលឆ្នោតជាមុនតាមរយៈគម្រោងការលួចបន្លំសន្លឹកឆ្នោតពីគណបក្សប្រឆាំងដោយគណបក្សកាន់អំណាច ៕