ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣នេះទេ ហើយគណបក្សគ្រោងនឹងរៀបចំធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃជាប់ៗគ្នា ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឲ្យខាងតែបាន ។
ឯកឧត្តម សម រង្ស៊ី បានមានប្រសាសន៍យ៉ាងច្បាស់លាស់ថា ប្រសិនបើគ្មានដំណោះស្រាយនៅលើសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលកើតចេញពីស្មារតីនៃមហាបាតុកម្មកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងមកទេនោះ គឺគណបក្សសង្គ្រោះជាតិនឹងបន្តដឹកនាំធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃជាប់ៗគ្នាតែម្តង គឺនៅថ្ងៃទី១៥-១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ ។
លើសពីនេះ ឯកឧត្តមប្រធានគណបក្សសង្គ្រោះជាតិក៏បានបង្ហើបដែរថា មហាបាតុកម្មលើក្រោយអាចនឹងមានការហែក្បួន ដើម្បីជំរុញឲ្យមានការសម្រេចបាននូវសំណើទាមទាររបស់គណបក្សសង្គ្រោះជាតិ ។
ជំហររបស់គណបក្សប្រឆាំងនៅពេលនេះ គឺបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលឆ្នោតផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលថ្មីចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានចំនួន៥៥អាសនៈ ក្នុងខណៈដែលគណបក្សសង្គ្រោះជាតិធ្លាប់បានប្រកាសថា គណបក្សរបស់ខ្លួននឹងទទួលបានអាសនៈចំនួន៦៣អាសនៈ ប្រសិនបើការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌ ៕