លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣នេះ បានបង្ហាញឲ្យឃើញថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ ដែលមានអាយុច្រើនជាងគេបង្អស់ក្នុងចំណោមអ្នកតំណាងរាស្ត្រជាប់ឆ្នោតសរុបចំនួន១២៣រូប ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានរដ្ឋសភានីតិកាលទី៤ "២០០៨-២០១៣" មានអាយុ៧៩ឆ្នាំ បានជាប់ឆ្នោតសាជាថ្មីជាអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលបោះឆ្នោតខេត្តកំពង់ចាម ខណៈដែលនៅមណ្ឌលបោះឆ្នោតខេត្តកំពង់ចាមនេះ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈតិចជាងគណបក្សសង្គ្រោះជាតិចំនួន២អាសនៈ "គណបក្សប្រជាជនកម្ពុជា ចំនួន៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ចំនួន១០អាសនៈ" ។
អនុលោមតាមច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា១០៦ថ្មី មាត្រា១១១ថ្មី (មួយ) មាត្រា១១៤ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា៦នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ គឺបានតម្រូវឲ្យរដ្ឋសភាបើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល គឺត្រូវការកូរ៉ុមប្រជុំរដ្ឋសភាលើសពីពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល ៕