សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត"គ.ជ.ប"នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ដែលបានប្រកាសលទ្ធផលឆ្នោតផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក បានបង្ហាញឲ្យឃើញថា កូនប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពល និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងកូនប្រុសបង្កើតរបស់ឯកឧត្តម ស ខេង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តបាត់ដំបង បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ ដែលមានវ័យក្មេងជាងគេបង្អស់នៅក្នុងចំណោមអ្នកតំណាងរាស្ត្រជាប់ឆ្នោតចំនួន១២៣រូប ។
កូនប្រុសរបស់"សម្តេចតេជោសែន" ដែលជាបុរសខ្លាំងនៃកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ានី អាយុ៣០ឆ្នាំ បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ស្ពឺ មកពីគណបក្សប្រជាជនកម្ពុជា ។ លោក ហ៊ុន ម៉ានី បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ស្ពឺ ខណៈដែលនៅមណ្ឌលបោះឆ្នោតខេត្តកំពង់ស្ពឺនេះ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៣អាសនៈ ។ ប៉ុន្តែដោយសារឯកឧត្តម សាយ ឈុំ ជាអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ឆាយ ថន ដែលជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី១ និងលេខរៀងទី២ បានដកខ្លួនថយ ទើបលោក ហ៊ុន ម៉ានី មានឱកាសបានក្លាយជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ស្ពឺតែម្តង ។
ដោយឡែកកូនប្រុសរបស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឯកឧត្តម ស សុខា អាយុ៣២ឆ្នាំ បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តព្រៃវែង មកពីគណបក្សប្រជាជនកម្ពុជា ។ លោក ស សុខា បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី៦ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តព្រៃវែង ខណៈដែលនៅមណ្ឌលបោះឆ្នោតខេត្តព្រៃវែងនេះ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៥អាសនៈ ។ ប៉ុន្តែដោយសារឯកឧត្តម ព្រុំ សុខា និងឯកឧត្តម ញឹម វណ្ណដា ដែលជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី៤ និងលេខរៀងទី៥ បានដកខ្លួនថយ ទើបលោក ស សុខា មានឱកាសបានក្លាយជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តព្រៃវែង ។
សរុបសេចក្តីមក កូនបង្កើតរបស់ថ្នាក់ដឹកនាំសំខាន់ៗនៃគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមចូលប្រឡូកយ៉ាងសកម្មក្នុងឆាកនយោបាយហើយ ដោយមានឈ្មោះជាអ្នកតំណាងរាស្ត្រវ័យក្មេងជាងគេបង្អស់ ក្នុងចំណោមអ្នកតំណាងរាស្ត្រចំនួន១២៣រូបនៅក្នុងរដ្ឋសភានីតិកាលទី៥ខាងមុខ ៕