ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

គ​.​ជ​.​ប ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃស្អែក​នឹង​គ្មានអ្វី​ប្លែក​ពី​លទ្ធផល​បណ្តោះអាសន្ន​ទេ គឺ CPP ឈ្នះ CNRP ជាង​១០​អាសនៈ​

​នៅ​ថ្ងៃអាទិត្យ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៨ ព្រឹកស្អែក​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​ឆ្នោត​ផ្លូវការ​ស្ថាពរ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ចប់សព្វគ្រប់​លើ​ករណី​វិវាទ​ទាក់ទង​នឹង​ការបោះឆ្នោត កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៣ រួចមក​។​

​គ្រប់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅលើ​បណ្តឹងតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប គ្រប់​សំណុំរឿង​ទាំងអស់ ដោយបាន​សម្រេច​ថា ការតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឬ​ប្រែប្រួល​ដល់​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ឡើយ​។ ​ដូច្នេះ​មានន័យថា ការប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ​នឹងមិន​មាន​អ្វី​ខុសប្លែក​ពី​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ដែល​បានប្រកាស​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ កន្លងមក ដោយ គ​.​ជ​.​ប នោះទេ​។

​ស្មារតី​នៃ​ការធ្វើ​បាតុកម្មអហិង្សា​នា​វេលា​ព្រឹក​មិញ​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​បានប្រកាស​ទុកជាមុន​រួចហើយ​ថា បើ គ​.​ជ​.​ប ព្យាយាម​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃស្អែក ដោយ​មិន​ព្រម​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេនោះ គណបក្ស​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅពេល​ក្រោយ​ទៀត ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​ ​

សូមបញ្ជាក់​ជូន​ថា ការប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ កន្លងមក បាន​បង្ហាញថា គណបក្ស​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ទូទាំងប្រទេស​ចំនួន ៣.២៣៥.៩៦៩​សំឡេង និង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន ២.៩៤៦.១៧៦​សំឡេង ពោលគឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​តិចជាង​ឬ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៨៩.៧៩៣​សំឡេង​។ បើ​គណនា​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​ដែល​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ទទួល​បានជា​បណ្តោះអាសន្ន គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ចំនួន​៥៥​អាសនៈ នៅក្នុង​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​១២៣​អាសនៈ​។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ គឺ​នៅ​មណ្ឌលបោះឆ្នោត​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង គណបក្សប្រឆាំង «CNRP» ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាង​គណបក្សកាន់អំណាច «CPP» ខណៈដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ធ្លាប់​ល្បីឈ្មោះ​កាលពី​ឆ្នាំ​១៩៩៣​នោះ បាន​បាត់បង់​អាសនៈ​នៅក្នុង​រដ្ឋសភា​អស់រលីង​តែម្តង​។ ​

ឆ្លងកាត់​តាម​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ ទៅ​ថ្ងៃ​អនាគត​នឹង​លែងមាន​ចំនួន​គណបក្សនយោបាយ​ច្រើន​ស្អេកស្កះ សន្ធឹកសន្ធាប់​ទៀតហើយៗ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ងាយ​ស្រួ​សនឹង​ចង​ចាំតែ​ឈ្មោះ​គណបក្សនយោបាយ​ចំនួន​២​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​៕ ​

178052289_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.