ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

មានការ​រិះគន់​លើ​ការផ្ទេរ​ប៉ុស្តិ៍​មន្ត្រី​តុលាការ​លោក អ៊ុំ សុភ​ក្តិ ពី​ព្រះរាជអាជ្ញារង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​រាជធានី​ភ្នំពេញ​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បានសម្រេច​ផ្ទេរ​ប៉ុស្តិ៍​ការងារ​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឲ្យ​មកជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៣/៨៤៣ ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ​។​ ​

លោក អ៊ុំ សុភ​ក្តិ ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៤ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ហើយ​ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​បម្រើ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/២៣៣ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១១​។​ ​

ក្រោយមក លោក អ៊ុំ សុភ​ក្តិ ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម និង​កាន់​មុខតំណែង​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១២/៥៩១ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២​។​

​ព័ត៌មាន​ជុំវិញ​ការផ្ទេរ​ប៉ុស្តិ៍​បម្រើ​ការងារ​របស់លោក អ៊ុំ សុភ​ក្តិ ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មកជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​អបអរសាទរ​ផង និង​មជ្ឈដ្ឋាន​មួយចំនួនទៀត​រិះគន់​ផង​។​ ​

ប្រការ​ដែល​ត្រូវ​អបអរសាទរ​នៅត្រង់ថា លោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ​ក្តិ ទទួលបាន​ការផ្ទេរ​ប៉ុស្តិ៍​ការងារ​ពី​ទីតាំង​ខេត្ត​ឆ្ងាយ​នៅ​ឧ​ត្ត​រ​មានជ័យ មក​ទីតាំង​ថ្មី​នៅ​រាជធានី​ភ្នំពេញ​តែម្តង ដែល​ចៅក្រម​ឬ​ព្រះរាជអាជ្ញា​រូប​ណា​ក៏​ចង់​ផ្ទេរ​មក​ដែរ ប៉ុន្តែ​មិន​ងាយ​នឹង​មានឱកាស​នោះឡើយ ពីព្រោះ​ប៉ុស្តិ៍​ការងារ​នៅ​រាជធានី​ភ្នំពេញ​ជា​កន្លែង​រកលុយ​បាន «​កន្លែង​ខ្លាញ់​» ឲ្យ​តែ​ចេះ​ល្បិច និង​មាន​បក្ខពួក​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឯកឧត្តម​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ម្យ៉ាងទៀត​ជាទី​តាំង​ងាយស្រួល​ក្នុងការ​បំប៉នបន្ថែម​នូវ​ចំណេះដឹង​។ ដូច្នេះ​លោក អ៊ុំ សុភ​ក្តិ ទទួលបាន​នូវ​ភ័ព្វ​សំណាងល្អ​ណាស់​គួរ​ឲ្យ​អបអរសាទរ និង​ជប់លៀង​។​ ​

រីឯ​ប្រការ​ដែល​គេ​រិះគន់​គឺ​នៅត្រង់ថា តាម​គោលការណ៍​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ប្រសិនបើ​មិនមាន​កំហុសឆ្គង​ត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​ផ្សេងៗ​នោះទេ​គឺ​ចៅក្រម​-​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅតាម​បណ្តា​សាលាជម្រះក្តី​នឹងត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា​ក្នុង​រយៈពេល​៤​ឆ្នាំ​ម្តង​។ ប៉ុន្តែ​ចំពោះ​លោក អ៊ុំ សុភ​ក្តិ ធ្វើ​កម្មសិក្សា​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្នាំ​២០១១ និង​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​នៅ​ឆ្នាំ​២០១២ ហើយក៏​ទទួលបាន​ការផ្ទេរ​ប៉ុស្តិ៍​បម្រើ​ការងារ​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​រាជធានី​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​២០១៣​នេះ​តែម្តង​។ មានន័យថា តើ​ប​តែ​បម្រើ​ការងារ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ចំនួន​ត្រឹម​១​ឆ្នាំ​ឬ​២​ឆ្នាំ​ប៉ុណ្ណោះ បែរជា​លោក អ៊ុំ សុភ​ក្តិ ត្រូវបាន​ផ្ទេរ​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​យ៉ាងខ្លី​បំផុត ដែល​សឹង​មិន​ធ្លាប់​កើតមាន​ទាល់តែសោះ​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ផ្សេងៗ​ទៀត​។ ​

មជ្ឈដ្ឋាន​អ្នក​រិះគន់​បាន​លើកឡើងថា ការសម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​រូបភាព​ផ្លាស់ប្តូរ​ប៉ុស្តិ៍​លឿន​ដូច​កាំជ្រួច «​ករណី​លោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ​ក្តិ​» និង​រូប​ភាពយឺត​ដូច​កៅស៊ូ​មិន​ខ្ចី​ផ្លាស់ប្តូ​រសោះ «​ករណី​ឯកឧត្តម ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចូលកាន់​មុខតំណែង​តាំងពី​ឆ្នាំ​២០០៥ ទល់​សព្វថ្ងៃ​មាន​រយៈពេល​៨​ឆ្នាំ​មិន​ខ្ចី​ដូរ និង​ករណី​លោក​សុខ រឿន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចូល​បម្រើ​ការងារ​ជិត​១០​ឆ្នាំ​មកហើយ​ក៏​មិន​ខ្ចី​ដូរ​»​។

​ក្រុមអ្នកច្បាប់​ឯករាជ្យ​បាន​សំណូមពរ​ចំពោះ​ឯកឧត្តម ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ជា​សហប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​មេត្តាជួយ​គិតគូរ​ឡើងវិញ​នូវ​ចំណាត់ការ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង កុំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ និង​ភាព​រើសអើង​ខ្លាំងពេក ពីព្រោះ​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​យុត្តាធិការ​របស់​ជាតិ​ដ៏​សំខាន់​ណាស់​មិនគួរ​ធ្វើការ​របៀប​លេងសើច ឬ​ច្របូកច្របល់​នោះទេ​៕​

 oum-sopeak

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.