វេលាម៉ោង១២ ថ្ងៃត្រង់នេះ មហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិបានបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីបានជួបជុំគ្នាដ៏ច្រើនកុះករជាមហាគ្រួសារខ្មែរតែមួយនៅទីលានប្រជាធិបតេយ្យយ៉ាងសប្បាយរីករាយរួចមក។
ទិដ្ឋភាពជាក់ស្តែងនៃមហាបាតុកម្មអហិង្សាដឹកនាំដោយគណបក្សសង្គ្រោះជាតិនាពេលព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរពោរពេញដោយការចែករំលែក ការស្រឡាញ់ ការគាំទ្រ និងការសម្តែងនូវឆន្ទៈពិតប្រាកដរបស់ក្រុមបាតុករដែលមានចំនួនប្រមាណ៧ម៉ឺននាក់ និងវត្តមានរបស់ព្រះសង្ឃចំនួនប្រមាណ១៦០០អង្គផង ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក។
ឧបសគ្គទាំងឡាយដែលបានកើតឡើងនៅមុនពេល និងពេលកំពុងធ្វើមហាបាតុកម្ម ដូចជា ការបង្អាក់ដំណើរ និមន្តរបស់ព្រះសង្ឃនៅតាមផ្លូវជាតិលេខ៥ មិនឲ្យចូលរួមធ្វើមហាបាតុកម្ម ការបំភិតបំភ័យ ការបង្អើលតៗគ្នាថា មានគេយកគ្រាប់បែកចូលក្នុងហ្វូងបាតុករ ការបង្អើលថា មានអ្នកកើតជំងឺគ្រុនផ្តាសាយបក្សីចូលរួមក្នុងមហាបាតុកម្មធ្វើឲ្យឆ្លង និងការដើរកត់ត្រាចំនួនតូបលក់នៅតាមបណ្តាទីផ្សារដែលបានបិទ ចង់ដឹងអ្នកចូលរួមក្នុងមហាបាតុកម្ម… ជាដើម ។ល។ ត្រូវជម្នះបានទាំងស្រុង ទើបនាំឲ្យដំណើរការមហាបាតុកម្មរបស់គណបក្សប្រឆាំងនាពេលព្រឹកនេះប្រកបដោយជោគជ័យ ពោរពេញដោយបរិយាកាសដ៏ស្និទ្ធស្នាល មហាសាមគ្គីរវាងខ្មែរ និងខ្មែរ ជាមហាគ្រួសារតែមួយ និងបានធ្វើញត្តិចំនួន៣ចំណុចសំខាន់ៗទាក់ទងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។
ថ្វីដ្បិត មហាបាតុកម្មអហិង្សាបានបញ្ចប់ប្រកបដោយជោគជ័យរួចហើយក្តី ក៏ប៉ុន្តែអ្វីដែលក្រុមបាតុករនៅបន្តតាមដានចង់ដឹងលទ្ធផលនោះ គឺការទាមទារដែលកើតចេញពីស្មារតីនៃមហាបាតុកម្មស្នើឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត តើត្រូវគណបក្សកាន់អំណាចផ្តាច់មុខនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា យកទៅពិចារណា និងដោះស្រាយដែរឬទេ ខណៈដែលលទ្ធផលឆ្នោតផ្លូវការ និងស្ថាពរនឹងត្រូវប្រកាសនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ស្អែកនេះ។
ទោះយ៉ាងណាក្តី កើតចេញពីស្មារតីនៃមហាបាតុកម្មអហិង្សានាពេលព្រឹកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ឲ្យដឹងថា គណបក្សចង់ឲ្យមានការពន្យាពេលប្រកាសលទ្ធផលឆ្នោតផ្លូវការ ហើយចង់ឲ្យមានការដោះស្រាយក្នុងការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ ផ្ទុយទៅវិញ បើអ្វីៗដែលកើតចេញពីការទាមទាររបស់មហាបាតុកម្មមិនត្រូវបានដោះស្រាយទេនោះគឺគណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សានៅពេលខាងមុខបន្តទៀតដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យខាងតែបាន៕