ទោះបីទទួលរងការបំភិតបំភ័យ ការឆែកឆេរ ការហាមឃាត់ និងការបង្អាក់ដំណើរពីសំណាក់អាជ្ញាធរ និងពីសម្តេចព្រះអគ្គមហាសង្ឃរាជក៏ដោយ ក៏មហាជនពីគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃជាច្រើននាក់ និងច្រើនអង្គ បានអញ្ជើញ និងនិមន្តមកចូលរួមមហាបាតុកម្មអហិង្សា ដឹកនាំដោយគណបក្សសង្គ្រោះជាតិ មានឯកឧត្តម សម រង្ស៊ី ជាប្រធានយ៉ាងកុះករនៅទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោង០៧ ព្រឹក នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣នេះ។
តាមការសង្កេតជាក់ស្តែងយ៉ាងម៉ត់ចត់បំផុតបានបង្ហាញថា មានមហាជនប្រមាណ៧ម៉ឺននាក់ និងព្រះសង្ឃប្រមាណ១៦០០អង្គ បានអញ្ជើញ និងនិមន្ត ចូលរួមក្នុងមហាបាតុកម្មអហិង្សានាវេលាព្រឹកនេះ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដើម្បីបង្ហាញអំពីឆន្ទៈ និងសម្តែងមតិសុំសេចក្តីសុខសន្តិភាព និងយុត្តិធម៌តាមរយៈការទាមទារឲ្យមានការបង្កើតគណៈកម្មការពិសេសឯករាជ្យមួយស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតីទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺឯកឧត្តម សម រង្ស៊ី ជាប្រធានដ៏មានប្រជាប្រិយភាពបានថ្លែងទៅកាន់ក្រុមបាតុករដ៏ច្រើនកុះករហៀរហូរចេញពីទីតាំងទីលានប្រជាធិបតេយ្យរហូតដល់វត្តភ្នំទៀតនោះថា គោលបំណងនៃការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃនេះគឺ ចង់ស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយ ដែលមានអង្គការជាតិ និងអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយនូវភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ គណៈកម្មការនេះ ត្រូវលាតត្រដាងការពិតអំពីលទ្ធផលនៃការបោះឆ្នោត ដើម្បីធានាការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរពិប្រាកដ។ យើងទាំងអស់គ្នាសូមប្រកាន់នូវគោលការណ៍អហិង្សាទាំងកាយ វាចារ ចិត្ត ដោយមិនចាត់ទុកខ្មែរណាមួយជាសត្រូវឡើយ តែចង់បានយុត្តិធម៌ និងការផ្សះផ្សាជាតិជាស្ថាពរ។
ដោយឡែក ទិដ្ឋភាពនៃការបួងសួងរបស់ក្រុមបាតុករបានស្មឹងស្មាធិ៍ក្នុងចិត្តរបស់ពួកគេថា «សូមបារមីទាំងអស់ជួយបីបាច់ថែរក្សាដល់យើងខ្ញុំទាំងអស់គ្នាជាបាតុករអហិង្សាឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមជួយតម្រែតម្រង់ផ្លូវដល់ជនទាំងឡាយណាដែលកំពុងដើរផ្លូវហិង្សា ដែលជាផ្លូវខុសឲ្យងាកមករួបរួមជានាគ្នាសំដៅឯកភាពជាតិខ្មែរតែមួយ ដើម្បីចូលរួមសង្គ្រោះជាតិរបស់យើងឲ្យទាន់ពេលវេលា»។
ដំណើរការនៃមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិនាវេលាព្រឹកនេះកំពុងតែបន្តមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ដោយមនុស្សម្នាអ្នកចូលរួមចេះតែមានការកើនឡើងជាលំដាប់។
តាមគម្រោងការរបស់អ្នកដឹកនាំមហាបាតុកម្មនេះ បានឲ្យដឹងថា មហាបាតុកម្មនឹងត្រូវបញ្ចប់នៅវេលាម៉ោង១២ថ្ងៃត្រង់ ខាងមុខ ដោយជំហរដែលកើតចេញពីស្មារតីនៃមហាបាតុកម្មនេះ គឺនឹងមានការបន្តធ្វើតទៅទៀតនៅពេលខាងមុខប្រសិនបើការទាមទាររបស់បាតុកររាប់ម៉ឺននាក់មិនត្រូវបានដោះស្រាយទេនោះ៕