ប្រភពព័ត៌មានទាន់ហេតុការណ៍ពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោងជិត០៧ ព្រឹក នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានទប់ស្កាត់បង្អាក់ដំណើរនិមន្តរបស់ព្រះសង្ឃចំនួនប្រមាណជាង៤០០អង្គ មិនឲ្យចូលរួមធ្វើមហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ។
ព័ត៌មានជាបឋមបានឲ្យដឹងទៀតថា ព្រះសង្ឃចំនួនប្រមាណជាង៤០០អង្គ ដែលត្រូវសមត្ថកិច្ចបង្អាក់ដំណើរនិមន្តនៅចំណុចព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនោះ គឺបាននិមន្តមកពីបណ្តាវត្តអារាមនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផង និងនិមន្តមកពីវត្តនៃបណ្តាខេត្តផ្សេងៗទៀតផង ដើម្បីនិមន្តចូលរួមធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅវេលាព្រឹកនេះ។
សូមបញ្ជាក់ជូនថា មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិនៅវេលាព្រឹកនេះបានទទួលការអនុញ្ញាតយ៉ាងត្រឹមត្រូវពីអាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមក ប៉ុន្តែសកម្មភាពគ្រប់យ៉ាងត្រូវបានសមត្ថកិច្ចធ្វើការបំភិតបំភ័យ ឆែកឆេរ និងព្យាយាមទប់ស្កាត់បណ្តាមនុស្សម្នាដែលធ្វើដំណើរមកពីខេត្តផ្សេងៗ ដើម្បីចូលរួមធ្វើមហាបាតុកម្មនេះ។
ដោយឡែក សម្តេចព្រះមហាសង្ឃរាជទាំង២គណៈក៏ធ្លាប់បានចេញព្រះរាជសង្ឃប្រកាសកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ ហាមឃាត់មិនឲ្យព្រះសង្ឃគ្រប់អង្គចូលរួមសកម្មភាពក្នុងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិផងដែរ។
មជ្ឈដ្ឋានអ្នកច្បាប់បាននិយាយថា ប្រសិនបើអាជ្ញាធរព្យាយាមទប់ស្កាត់មនុស្សមិនឲ្យចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនាវេលាព្រឹកនេះគឺជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត៕