ពាក់ព័ន្ធនឹងបណ្តឹងតវ៉ាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ របស់គណបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្តមួយចំនួននោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងសម្រេចចប់សព្វគ្រប់រួចរាល់អស់ហើយនា រសៀលថ្ងៃសុកទី០៦ ខែកញ្ញា ឆ្នាំ២០១៣នេះ។
លទ្ធផលនៃការពិនិត្យ និងសម្រេចរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតតាមបណ្តឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិនោះ គឺក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ទាំងអស់គ្រប់មណ្ឌលបោះឆ្នោតដែលមានការប្តឹងតវ៉ា ពោលគឺបដិសេធចោលនូវបណ្តឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិគ្រប់មណ្ឌលបោះឆ្នោត។
ព្រោះតែការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ដូចគ្នាទាំងអស់នេះហើយ ទើបគណបក្សសង្គ្រោះជាតិបានសម្រេចជ្រើសរើសយកការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃស្អែកទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ជាជម្រើសចុងក្រោយបង្អស់៕