នៅវេលាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ស្អែកនេះ គណបក្សសង្គ្រោះជាតិដែលមានឯកឧត្តម សម រង្ស៊ី ជាប្រធាននឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាដ៏ធំមួយនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ក្រោមរូបភាពបួងសួង ស្មឹងស្មាធិ៍ សុំសេចក្តីសុខសន្តិភាព និងយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងប្រទេសកម្ពុជា ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
មានន័យថា ថ្ងៃស្អែកគឺជាវេទិកាសាធារណៈដ៏ធំ និងដ៏សំខាន់មួយសម្រាប់ការបង្ហាញនូវឆន្ទៈពិតប្រាកដ និងសម្តែងមតិរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការផ្លាស់ប្តូរមេដឹកនាំ និងប្រព័ន្ធដឹកនាំប្រទេសជាតិបច្ចុប្បន្ន។ វត្តមានរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងមហាបាតុកម្មអហិង្សាថ្ងៃស្អែកនេះ គឺនឹងបង្ហាញឲ្យឃើញអំពីឆន្ទៈដ៏មួសមុតរបស់ក្រុមបាតុករ ទោះបីអាជ្ញាធរមានសមត្ថកិច្ចប្រឹងប្រែងធ្វើការឆែកឆេរផង បំភិតបំភ័យផង និងហាមឃាត់ផង យ៉ាងណាក៏ដោយ។
សូមបញ្ជាក់ជូនថា ដោយឈ្វេងយល់ឃើញអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ទើបគណបក្សសង្គ្រោះជាតិបានទទូចទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីឲ្យគណបក្សនយោបាយដែលឈ្នះឆ្នោតបានឈ្នះដោយសេចក្តីថ្លៃថ្នូរ និងមានកិត្តិយស រីឯគណបក្សនយោបាយចាញ់ឆ្នោតបានទទួលស្គាល់ការចាញ់ដោយអស់ចិត្ត។ ប៉ុន្តែ ការទាមទារនេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សកាន់អំណាចផ្តាច់មុខនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ច្រានចោលជាបន្តបន្ទាប់គ្រប់ជំហាន។ ដូច្នេះហើយ ទើបគណបក្សសង្គ្រោះជាតិលែងមានទំនុកចិត្តទាល់តែសោះទៅលើ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងគណបក្សសង្គ្រោះជាតិក៏បានសម្រេចចិត្តជ្រើសរើសយកការធ្វើមហាបាតុកម្មអហិង្សា ធ្វើការទាមទារវិញជាជម្រើសចុងក្រោយបង្អស់។
ក្រោយការប្រកាសលទ្ធផលឆ្នោតបឋមភ្លាមៗដោយ គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សរបស់ខ្លួនទទួលបានការឈ្នះឆ្នោតក្នុងសំឡេងភាគច្រើនដាច់ខាតក្នុងរដ្ឋសភានីតិកាលទី៥ និងមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ខណៈដែលគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថា គណបក្សរបស់ខ្លួននឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភាយ៉ាងតិចចំនួន៦៣អាសនៈប្រសិនបើការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌៕