នៅក្នុងសម័យនៃរាជាណាចក្រកម្ពុជាទីពីរ ក្រោមការដឹកនាំរបស់ «សម្តេចតេជោសែន» ការជួយក្នុងកិច្ចការសង្គមគឺមិនមានត្រឹមបុរសជាស្វាមីដែលមានឋានៈជានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ ជាសមាជិករាជរដ្ឋាភិបាល និងមន្ត្រីស្ថាប័នជាតិផ្សេងៗទៀតប៉ុណ្ណោះទេ សូម្បីតែស្ត្រីជាភរិយារបស់ថ្នាក់ដឹកនាំដែលមានអំណាច និងមានលុយកាក់ទាំងនោះក៏បានធ្វើសកម្មភាពយ៉ាងផុសផុលគួរឲ្យកត់សម្គាល់ដែរ។
តាមការសង្កេតជាក់ស្តែងបានបង្ហាញឲ្យឃើញថា ភរិយារបស់ថ្នាក់ដឹកនាំមានអំណាច មានលុយកាក់ទ្រព្យសម្បត្តិភាគច្រើនបានធ្វើសកម្មភាពក្នុងកិច្ចការសង្គម «កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ» តាមរយៈការប្រើប្រាស់អំណាច និងទ្រព្យសម្បត្តិរបស់ស្វាមីរកបាន និងការបើកមុខរបរក្រុមហ៊ុនជំនួញខ្លួនឯងតែម្តងទើបមានលុយចំណាយវាល់ម៉ឺន សែន លានដុល្លារអាមេរិក ប៉ុន្តែបានប្រើអំណាចស្វាមីដដែល គ្រាន់តែភរិយាឬកូន ឈរឈ្មោះជំនួសប៉ុណ្ណោះ។ រូបភាពនេះ ក៏ក្លាយជាបច្ច័យអាក្រក់មួយផងដែរ ដែលបង្កឲ្យមានអំពើពុករលួយ។
តួយ៉ាងដូចជា លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ ជាភរិយារបស់ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដ៏មានទ្រព្យសម្បត្តិ ត្រូវបានគេដឹងថា មានការពាក់ព័ន្ធយ៉ាងស្និទ្ធជាមួយនឹងក្រុមហ៊ុនជំនួញមួយយ៉ាងធំឈ្មោះ ក្រុមហ៊ុន អ៊ែតវូត ដែលមានលោកជំទាវឧកញ៉ា លីម ឈីវហូរ ជាអគ្គនាយិកា។ លើសពីនេះ កូនស្រីរបស់ឯកឧត្តម ចម ប្រសិទ្ធ គឺលោកជំទាវ ចម និម្មល ជានាយិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងនោះ ក៏មានក្រុមហ៊ុនឯកជនផ្ទាល់ខ្លួនដែរ «សូមចូលអានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតនាពេលកន្លងមកបន្ថែម»។
ព្រោះតែមានទ្រព្យសម្បត្តិលុយកាក់សម្រាប់ចំណាយក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទើបលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជាតូបការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៣/៥៣៤ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣។
តមកទៀតលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៨២២ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។
រួមសេចក្តីមក លោកជំទាវជាភរិយារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដ៏មានទ្រព្យសម្បត្តិទទួលបានមហាកិត្តិយសទាំងព្រម គឺទាំងមានងារជាឧកញ៉ា ទាំងពាក់គ្រឿងឥស្សរិយយសជាតូបការ៕