គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តមមេធាវី ប៊ុន ហុន ជាប្រធានបានសម្រេចលុបឈ្មោះលោកមេធាវី អ៊ូ សោភ័ណ្ឌរ៉ា អត្តលេខ៥២៧ ចេញពីបញ្ជីគណៈមេធាវីជាផ្លូវការហើយ ដោយសេចក្តីសម្រេចលេខ១១៤/សសគម/១៣ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីទទួលបានការប្រជុំសម្រេចកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាគណៈមេធាវីរួចមក។
លោក អ៊ូ សោភ័ណ្ឌរ៉ា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៧ ដោយមានអត្តលេខ៥២៧។
ប្រភពស្និទ្ធនឹងគណៈមេធាវីបានឲ្យដឹងថា លោកមេធាវី អ៊ូ សោភ័ណ្ឌរ៉ា ធ្លាប់បានប្រព្រឹត្តនូវកំហុសឆ្គងទាក់ទងនឹងការប្រកបវិជ្ជាជីវៈមេធាវី និងបានទទួលរងការប្តឹងផ្តល់ជាច្រើនករណីពីអតិថិជនទៅគណៈមេធាវី ហើយក៏ត្រូវបានក្រុមប្រឹក្សាគណៈមេធាវីសម្រេចចោទប្រកាន់នាសម័យប្រជុំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ កន្លងមក។
ឥឡូវ ចាប់ពីពេលនេះតទៅ លោក អ៊ូ សោភ័ណ្ឌរ៉ា លែងមានឈ្មោះជាមេធាវីទៀតហើយ៕