ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

ទ្រព្យសម្បត្តិ​នាយករដ្ឋមន្ត្រី​ថៃ​អាច​ដឹងបាន ប៉ុន្តែ​ទ្រព្យសម្បត្តិ​បុរស​ខ្លាំង​នៃ​កម្ពុជា​ពិបាក​នឹង​ដឹង​ណាស់​

​បើ​និយាយ​អំពី​អំពើពុករលួយ គឺ​នៅក្នុង​ពិភពលោក​នៃ​យើង​នេះ​ប្រទេស​ណា​ក៏មានដែរ គ្រាន់តែ​ខុសគ្នា​នៅត្រង់​កម្រិត​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។ បណ្តា​ប្រទេស​រីកចម្រើន​នានា​គេ​ចាត់ទុក​អំពើពុករលួយ​ជា​អំពើ​ខុសច្បាប់​ទាំង​ទ្រឹស្តី ទាំង​ការអនុវត្ត​ជាក់ស្តែង រីឯ​ប្រទេស​កាន់អំណាច​ផ្តាច់ការ និង​ជា​ប្រទេស​ក្រីក្រ​ចាត់ទុក​អំពើពុករលួយ​ជា​អំពើ​ខុសច្បាប់​តែ​លើ​ក្រដាស ឬ​តែ​ចំពោះ​អ្នកដទៃ​ក្រៅពី​ខ្លួនឯង និង​បក្ខពួក​ និង ផ្ទុយទៅវិញ​បើ​ចំពោះ​បក្ខពួក​ខ្លួនឯង​វិញ​អាច​នាំគ្នា​សមគំនិត​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​ទ្រព្យសម្បត្តិ​ទុកដាក់​ធ្វើ​មានបាន​យ៉ាង​គគ្រឹកគគ្រេង​។​

​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រីរាជកា​រ​ស្ថាប័នរដ្ឋ គឺជា​ប្រការ​សំខាន់​ក្នុងការ​ចូលរួមចំណែក​បង្ការ ទប់ស្កាត់ និង​បំបាត់​អំពើពុករលួយ​។ ដូច្នេះហើយ ទើប​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ «​មាត្រា​១៧ ដល់ មាត្រា​២០» ត្រូវ​ចែង​អំពី​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។​ ​

កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ មន្ត្រី​រាជរដ្ឋាភិបាល​ថៃ បានធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ (NCC) របស់​ថៃ បាន​ឲ្យ​ដឹងថា លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ មានទ្រព្យ​សម្បត្តិ​ចំនួន​៦២៨​ ៦៦០ ១៨១,២៦​បាត និង​បំណុល​ចំនួន ២៧​លាន​បាត​​ ។ ដូច្នេះ  បើដក​បំណុល​ចេញ ​គឺ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ មានទ្រព្យ​សម្បត្តិ​ចំនួន ៦០១ ៦៦០ ១៨១,២៦​បាត ឬ​ស្មើនឹង​ចំនួន​ប្រមាណ១៨ ៦៦០ ៤៩០​ដុល្លារ​អាមេរិក​។​ ​

ក្រឡេក​មក​មើល​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​វិញ តើ​មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន និង​បំណុល​ប៉ុន្មាន​? ចម្លើយ​គឺ​ពិបាក​នឹង​អាច​ដឹងបាន​ណាស់ ពីព្រោះ​សំណុំ​ឯកសារ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាមច្បាប់​របស់​ក​ម្ពុ​ជា​ត្រូវ​រក្សា​ទុកជា​ការសម្ងាត់​ខ្ពស់បំផុត (​មាត្រា​២០)។ ម្យ៉ាងទៀត លើ​មាត់​ស្រោមសំបុត្រ​ដែល​បិទ​ជិត​នោះ​ត្រូវ​ប្រថាប់ត្រា និង​ចុះហត្ថលេខា​ដោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​តំណាង ព្រមទាំង​មាន​ផ្តិត​ម្រាមដៃ​សាមីខ្លួន​ផង​។​ ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា បច្ចុប្បន្ននេះ​ត្រូវបាន​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ជា​ប្រធាន​។ ក្រៅពី​មានមុខ​ងារ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​នោះ ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​។ ដោយឡែក​ការងារ​ក្នុង​ជីវភាព​បក្ស ​គឺ​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​

ដូច្នេះ ទោះបី​មជ្ឈដ្ឋាន​នានា​ធ្វើការ​ប៉ាន់​ស្មានថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បុរស​ខ្លាំង​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​ទាំងមូល​អាចមាន​ទ្រព្យសម្បត្តិ​មហាសាល​ក៏ពិតមែន​ក៏ដោយ ប៉ុន្តែ​មិនអាច​ដឹង​អំពី​ចំនួន​ពិតប្រាកដ​នោះដែរ ពីព្រោះ​អ្នក​ដែល​អាច​ដឹងបាន គឺមាន​តែ​រូប​សម្តេច​ផ្ទាល់​ប៉ុណ្ណោះ «​សូម្បីតែ​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​ជា​កូនចៅ​សម្តេច​ដែរ ធ្វើ​ដូចម្តេច​ហ៊ាន​ក្អក​ជាមួយ​សម្តេច​បាន​»​។

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ទម្រង់ និង​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​សព្វថ្ងៃនេះ គឺ​បាន​ក្លាយជា​ខែល​ដ៏​រឹងមាំ​សម្រាប់​ការពារ​អំណាច និង​ទ្រព្យសម្បត្តិ​មន្ត្រី​ពុករលួយ​ដែលជា​មន្ត្រី​ធំៗ​គ្រាក់ៗ​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.