ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

ពលរដ្ឋ​ទិញ​អចលន​វត្ថុ​ដាក់​ដេញថ្លៃ​ដោយ​តុលាការ​រិះគន់ថា មន្ត្រី​តុលាការ និង​មន្ត្រី​សុរិយោដី​ធ្វើការ​មិន​ស៊ីចង្វាក់​គ្នា ទើប​នាំ​ឲ្យ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​យឺតយ៉ាវ​

​មាន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​បាន​សរសេរ​លិខិត​មកកាន់​ការិយាល័យ​និពន្ធ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ប្រាប់​ឲ្យ​ដឹងថា គាត់​បាន​ទិញ​អចលនវត្ថុ​មួយកន្លែង ដែល​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដាក់​ដេញថ្លៃ​អស់​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ ប៉ុន្តែ​គាត់​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​លើ​អចលន​ត្ថុ​ដែល​ទិញ​បាន​នោះ​នៅឡើយ ដោយសារ​មន្ត្រី​តុលាការ និង​មន្ត្រី​សុរិយោដី​ធ្វើការ​មិន​ស៊ីចង្វាក់​គ្នា រុញ​ដាក់គ្នា​ទៅវិញទៅមក ខណៈដែល​គាត់​បាន​បង់លុយ​គ្រប់​ចំនួន​រួចហើយ​ឲ្យ​ទៅ​តុលាការ​ជាង​១៦​ម៉ឺន​ដុល្លារ​អាមេរិក​។​ ​

តាម​ឯកសារ​ព័ស្តុតាង ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​នោះ​ផ្តល់ជូនបាន​បង្ហាញថា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១២ គាត់​បាន​ចូលរួម​ដេញថ្លៃ​ទិញ​អចលនវត្ថុ «​ដី និង​ផ្ទះ​» មួយកន្លែង​ឋិត​នៅ​ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយក៏​ទទួល​បានការ​ឈ្នះ​លើ​ការដេញថ្លៃ​នេះ ក្នុងតម្លៃ​ទឹកប្រាក់​ទិញ​បាន​សរុប​ចំនួន​១៦៥.០០០​ដុល្លារ​អាមេរិក «​តម្កល់​ប្រាក់​កក់​មុន​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ចូលរួម​ដេញថ្លៃ​នោះ​»​។​ ​

ក្រោយមក នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៣ គាត់​បាន​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ​គ្រប់​ចំនួន​ស្មើនឹង​១៦៥.០០០​ដុល្លារ​អាមេរិក​តែម្តង តាម​ការបង្គាប់​របស់​ស្ថាប័ន​តុលាការ​ដែលមាន​លោក អឿង សៀង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ចៅក្រម​ទទួលបន្ទុក​សំណុំ​រឿងនេះ​។​

ឥឡូវ​មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ គាត់​មិនទាន់​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​គាត់​ទិញ​បាន​ពី​ការ​ដាក់លក់​ដេញថ្លៃ​ដោយ​តុលាការ​នោះ​នៅឡើយ ដោយ​គាត់​បានបញ្ជាក់​អះអាងថា មកពី​មន្ត្រី​តុលាការ​ធ្វើការ​តាម​នីតិវិធី​រៀងៗ​ខ្លួន​មិន​ស៊ីចង្វាក់​គ្នា​ជាមួយ​មន្ត្រី​សុរិយោដី ទើប​ការកសាង​ប័ណ្ណកម្មសិទ្ធិ​មានការ​យឺតយ៉ាវ ពីព្រោះ​ការ​ផ្ទុកផ្តាក់​នីតិវិធី​លើ​ការ​ក៏​សាង​ប័ណ្ណកម្មសិទ្ធិ​នេះ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​តុលាការ និង​មន្ត្រី​សុ​វិ​យោ​ដី​។ ពេល​គាត់​ទំនាក់ទំនង​ខាង​មន្ត្រី​សុរិយោដី​គេ​ឆ្លើយថា ឯកសារ​មិន​គ្រប់គ្រាន់​ពី​តុលាការ ពេល​គាត់​ទៅទាក់ទង​មន្ត្រី​តុលាការ​គេ​ឆ្លើយថា ឯកសារ​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ និង​ជាពិសេស​ពេល​គាត់​សុំ​ឈប់​ទិញ​និង​សុំ​ដក​ប្រាក់​មកវិញ​ព្រោះ​ការងារ​ធ្វើ​ប័ណ្ណ​ស្មុគស្មាញ​ពេក ត្រូវបាន​មន្ត្រី​តុលាការ​ឆ្លើយតប​ថា លែង​ទិញ​និង​ដក​ប្រាក់​វិញ​មិនបាន​ឡើយ «Sic!» ។​

​ប្រជាពលរដ្ឋ​រូបនោះ បាន​បន្ថែមទៀតថា រូបភាព​ធ្វើ​ការមិន​ស៊ីចង្វាក់​គ្នា រុញ​ទាញ​ដាក់គ្នា​ទៅវិញទៅមក​ជិត​មួយឆ្នាំ​រវាង​មន្ត្រី​ស្ថាប័ន​តុលាការ​ដែលមាន​លោក អឿង សៀង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ទទួលបន្ទុក​សំណុំរឿង និង​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ដែលមាន​លោក ឆាយ ឫទ្ធិ​សែន ជា​ប្រធាន​មន្ទីរ​បែបនេះ​ធ្វើ​ឲ្យ​គាត់​ខាតបង់​ពេលវេលា និង​ផលប្រយោជន៍​ធ្ងន់ធ្ងរ​ពីព្រោះ​លុយកាក់​ចំនួន​ខ្ទង់សែន​ដុល្លារ​បាន​បង់​គ្រប់​ចំនួន​ហើយ ប៉ុន្តែ​ប្លង់​អចលនវត្ថុ​មិនទាន់​ឃើញ​ចេញ​ជា​រូបរាង​នៅឡើយ​។​ ​

ដូច្នេះ ប្រជាពលរដ្ឋ​រងគ្រោះ​រូបនោះ បាន​សំណូមពរ​ឲ្យ​មន្ត្រី​នៃ​ស្ថាប័ន​ទាំងពីរ «​តុលាការ និង​សុរិយោដី​» មេត្តាជួយ​ជំរុញ​ឲ្យ​ការកសាង​ប្លង់​អចលនវត្ថុ​ជូន​គាត់​បាន​ឆាប់រហ័ស​ផង ពីព្រោះ​កិច្ចការ​នេះ​បានអូសបន្លាយ​ពេលវេលា​អស់​ជិត​មួយឆ្នាំ​មកហើយ​៕​

160000

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.