ខណៈដែលគណបក្សសង្គ្រោះជាតិបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ថា នឹងរៀបចំធ្វើមហាបាតុកម្មនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ប្រសិនបើការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនៅតែគ្មានដំណោះស្រាយរួចមក ធ្វើឲ្យគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ កាន់តែមិនចុះសម្រុងគ្នា និងមានការកើនកម្តៅជាលំដាប់ ។
ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានកើតមានឡើងបន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ធ្លាប់បានចេញព្រះរាជសារម្តងរួចមកហើយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ អំពាវនាវឲ្យគណបក្សនយោបាយទាំងពីរចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូររបស់ជាតិ ព្រមទាំងស្របពេលដែលអាជ្ញាធរកាន់កាប់អំណាចផ្តាច់មុខដោយគណបក្សប្រជាជនកម្ពុជា ត្រៀមនិងចល័តកងកម្លាំងប្រដាប់អាវុធឥតឈប់ឈរ ដើម្បីទប់ទល់និងបង្ក្រាបទៅលើបាតុករ ដោយចោទប្រកាន់ថា សំណើរបស់គណបក្សសង្គ្រោះជាតិជាការ រំលោភបំពានច្បាប់ ។
ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនេះ ក៏បានធ្វើឲ្យកម្តៅរវាងគណបក្សនយោបាយធំៗទាំងពីរចេះតែកើនឡើងខ្លាំងទៅៗ ។
ស្រាប់តែរំលងប្រមាណ២ថ្ងៃក្រោយមក គឺនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ខណៈដែលព្រះមហាក្សត្រកំពុងគង់នៅទីក្រុងប៉េកាំងប្រទេសចិននៅឡើយនោះ "ព្រះអង្គយាងចេញពីប្រទេសកម្ពុជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ដើម្បីទៅពិនិត្យព្រះរាជសុខភាព" ទ្រង់បានចេញព្រះរាជសារថ្មីមួយទៀត ដោយធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូរនៃជាតិយើង ដោយទ្រង់បានមានព្រះតម្រិះថា "លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភានឹងប្រកាសជាផ្លូវការយ៉ាងយូរត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២ខាងមុខនេះ…" ។
នៅដំណាក់កាលដំបូង ដែលព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់ព្រះមហាក្សត្រ ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម Facebookនោះ មជ្ឈដ្ឋាននានាមានការភ្ញាក់ផ្អើលផង និងហាក់មិនចង់ជឿផង រហូតដល់អ្នកខ្លះមានមន្ទិលសង្ស័យថា ជាព្រះរាជសារក្លែងក្លាយទៀតផង ពីព្រោះព្រះរាជសារគ្មានបញ្ជាក់ទីតាំងឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រ ខណៈព្រះអង្គកំពុងគង់នៅឯបរទេសផង និងព្រះអង្គទើបតែចេញព្រះរាជសារមុននេះថ្មីៗផង ព្រមទាំងដោយតាមច្បាប់តម្រូវឲ្យផ្ទេរសិទ្ធិឋានៈព្រះប្រមុខរដ្ឋឲ្យទៅឥស្សរជនផ្សេងទៀតផង ។
ប៉ុន្តែរយៈពេលមួយថ្ងៃក្រោយជាបន្តបន្ទាប់មក "ថ្ងៃទី៣១ សីហា" ទាំងគណបក្សប្រជាជនកម្ពុជា ទាំងរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងអំណាចផ្តាច់មុខដោយគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈផង បានចេញសេចក្តីថ្លែងការណ៍គាំទ្រ និងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះអង្គដូចមានចែងនៅក្នុងព្រះរាជសារយ៉ាងព្រោងព្រាតផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន ។
ដោយឡែក សម្រាប់គណបក្សសង្គ្រោះជាតិដែលកំពុងរៀបចំដឹកនាំអ្នកគាំទ្ររាប់ម៉ឺននាក់ធ្វើមហាបាតុកម្មយ៉ាងពុះកញ្ជ្រោលនោះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ ក៏បានធ្វើលិខិតផ្លូវការមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រ ដែលកំពុងគង់នៅប្រទេសចិនផងដែរថា សូមសម្តែងនូវការគោរពនិងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះអង្គ ដែលមានចែងនៅក្នុងព្រះរាជសារ និងគណបក្សសង្គ្រោះជាតិរៀបចំមហាបាតុកម្មអហិង្សាជារូបភាពបួងសួង ស្មឹងស្មាធិ៍សុំសេចក្តីសុខ សន្តិភាព និងយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាវិញ ។ មានន័យថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិបានផ្លាស់ប្តូរទិសដៅពីរូបភាពពុះកញ្ជ្រោល ធ្វើឲ្យអាជ្ញាធរនិងគណបក្សប្រជាជនកម្ពុជាព្រួយបារម្ភ ប្រែមកជា រូបភាពបួងសួង សុំសេចក្តីសុខ សន្តិភាពវិញ បន្ទាប់ពីមានព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣របស់អង្គព្រះមហាក្សត្រ ដែលកំពុងគង់នៅប្រទេសចិននៅឡើយ ។
ជាមួយនឹងការចេញព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់អង្គព្រះមហាក្សត្រ ខណៈព្រះអង្គកំពុងគង់នៅបរទេស ហើយអាចមានឥទ្ធិពលធ្វើឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងប្តូរឥរិយាបទពីការគ្រោងធ្វើមហាបាតុកម្មតាមរូបភាពដ៏ពុះកញ្ជ្រោល មកជារូបភាពបួងសួង ស្មឹងស្មាធិ៍សុំសេចក្តីសុខវិញ ព្រមទាំងជាព្រះរាជសារដែលមជ្ឈដ្ឋាននានានឹកស្មានមិនដល់សឹងមិនគួរឲ្យជឿនោះ គឺត្រូវបានធ្លាយចេញព័ត៌មានចចាមអារាមមកថា មានក្រុមរាជវង្សានុវង្សឋិតនៅពីក្រោយនៃការចេញព្រះរាជសាររបស់ព្រះមហាក្សត្រនេះ ។
ព័ត៌មានចចាមអារាមដែលធ្លាយចេញមកនោះ ឲ្យដឹងថា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី១ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅមណ្ឌលខេត្តកំពង់ចាម និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាតួអង្គសំខាន់ក្នុងការឡបប៊ី"Lobby"អង្គព្រះមហាក្សត្រ ដើម្បីបានទ្រង់ឡាយព្រះហស្តលេខានៅលើព្រះរាជសារ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នោះ នៅប្រទេសចិន ។
ប្រភពព័ត៌មានចចាមអារាមដដែលនេះឲ្យដឹងដែរថា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលមានឯកឧត្តម កែវ ពុទ្ធរស្មី ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ជាស្វាមី និងត្រូវជាព្រះរាជវង្សានុវង្ស រួមជាមួយក្រុមការងារខ្លះទៀត ដូចជាឯកឧត្តមឧត្តមសេនីយ៍ឯក សៅ រ៉ានី បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី១ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅមណ្ឌលខេត្តព្រែវែងជាដើម បានខ្នះខ្នែងប្រឹងប្រែងក្នុងបេសកកម្ម ដើម្បីឲ្យមានការចេញព្រះរាជសារពីអង្គព្រះមហាក្សត្របែបនេះ គឺដោយសារសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ រ៉ានី បានព្រមព្រៀងគ្នាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាសន្យាជាថ្នូរថា បើបានសម្រេចជោគជ័យនឹងផ្តល់តំណែងឋានៈស្មើឧបនាយករដ្ឋមន្ត្រី ក្នុងការរៀបចំបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាពេលខាងមុខ ។
ព័ត៌មានចចាមអារាមទាំងនេះបានឲ្យដឹងទៀតថា ការណ៍ដែលសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ធ្វើដូច្នេះ គឺមិនបានធ្វើឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី សព្វព្រះទ័យឡើយ ។
មានរឿងគួរឲ្យចាប់អារម្មណ៍មួយដំណាលគ្នានឹងព័ត៌មានចចាមអារាមនេះ គឺកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣កន្លងមកថ្មីៗ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានចេញព្រះភក្ត្របកស្រាយតាមបណ្តាញព័ត៌មានថា ព្រះរាជសាររបស់ព្រះមហាក្សត្រ គឺជាព្រះរាជសារពិតឥតក្លែងក្លាយទៀងផង ដែលកិច្ចការបំភ្លឺបញ្ជាក់ទាក់ទងនឹងព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ គួរតែខាងក្រសួងព្រះបរមរាជវាំងជាអ្នកចាត់ការ ទើបជាការប្រសើរ ។
ឥឡូវនេះ ព្រះរាជសាររបស់ព្រះមហាក្សត្របានចេញមកប្រកបដោយជោគជ័យហើយៗកម្តៅរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចទាក់ទងនឹងការធ្វើមហាបាតុកម្ម ក៏បានត្រជាក់មកវិញដែរ ។ ដូច្នេះ ត្រូវបន្តរង់ចាំតាមដានមើលតទៅទៀត តើពាក្យចចាមអារាមនោះនឹងក្លាយជាការពិតនៅថ្ងៃខាងមុខដែរឬទេ ឬក៏គ្រាន់តែជាពាក្យចចាមអារាមឥតប្រយោជន៍ដដែល ? ៕