ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ព្រះតម្រិះ​របស់​ព្រះមហាក្សត្រ​មិន​ចំ​គោលបំណង​របស់​ឯកឧត្តម សម រង្ស៊ី មេគណបក្ស​ប្រឆាំង​

​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៣ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​សម្តែង​នូវ​ការគោរព​និង​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​ព្រះអង្គ ដែល​មានចែង​នៅក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ អំពាវនាវ​ឲ្យ​ជនរួមជាតិ​ជាទី​ស្នេហា​របស់​ព្រះអង្គ បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម និង​ភាពថ្លៃថ្នូរ​នៃ​ជាតិ​យើង​។​ ​

ទន្ទឹមនឹង​នេះដែរ លិខិតផ្លូវការ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បានទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​បាន​បញ្ជាក់ថា«​គណបក្ស​សង្គ្រោះ​ជាតិ​បានរៀបចំ​ជា​គម្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខ​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ពិសេស​ឯករាជ្យ​មួយ​ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ដែល​ការបោះឆ្នោត​នេះ មិន​ស្របទៅនឹង​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ដោយ​ស្មើភាព​។ ប៉ុន្តែ ក្នុង​គោលបំណង​រក្សា​ភាព​ស្ងប់ស្ងៀម និង​ភាពថ្លៃថ្នូរ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ជា​អម្ចាស់ ទូលព្រះបង្គំ​នឹង​រៀបចំ​មហា​បាតុកម្មអហិង្សា​នេះ​ជា​រូបភាព​បួងសួង ស្មឹង​ស្មាធិ៍​សុំ​សេចក្តី​សុខសន្តិភាព និង​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​វិញ​។​»​។​ ​

នៅ​ទីបញ្ចប់​នៃ​លិខិត​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បានទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​នោះ ក៏បាន​ស្នើសុំ​ព្រះករុណា​អង្គ​ព្រះមហាក្សត្រ ព្រះមេត្តា​ជួយ​ធ្វើ​ព្រះរាជអន្តរាគមន៍​ដើម្បី​រក​ដំណោះស្រាយ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ដែលជា​ការចង់បានរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​។​ ​

មួយថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានចេញ​រាជសារ​មួយ​ផ្ញើជូន​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដោយ​ទ្រង់​បាន​ព្រះតម្រិះ​ថា «​ខ្ញុំ​សូម​អរគុណ ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ដែល​បាន​សម្តែង​នូវ​ការគោរព​និង​ដង្ហែ​តាម​ព្រះរាជតម្រិះ ដែល​មានចែង​ក្នុង​ព្រះរាជសារ​របស់ខ្ញុំ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣»​។ មានន័យថា ព្រះរាជសារ​របស់​អង្គ​ព្រះមហាក្សត្រ​មិនបាន​ព្រះតម្រិះ​ជួយ​ធ្វើ​ព្រះរាជអន្តរាគមន៍​តាម​សំណើ​ទូលថ្វាយ​របស់​ឯកឧត្តម សម រង្ស៊ី ឡើយ ពោលគឺ​ព្រះតម្រិះ​របស់​អង្គ​មហាក្សត្រ​មិន​ចំ​គោលដៅ ឬ​គោលបំណង​ពិតប្រាកដ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បានទូល​ថ្វាយ​ព្រះអង្គ​នោះទេ​។​ ​

សូមបញ្ជាក់​ជូន​ថា ខណៈដែល​ព្រះតម្រិះ​អង្គ​ព្រះមហាក្សត្រ​មិន​ចំ​គោលបំណង ដែល​បានទូល​ស្នើសុំ​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​នេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើកសវនាការ​ជំនុំជម្រះ​សម្រេច​បដិសេធចោល​នូវ​បណ្តឹងតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើសុំ​ឲ្យ​មានការ​បង្កើត​ក្រុមការងារ​បច្ចេកទេស​ស៊ើបអង្កេត​និង​វាយតម្លៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ជា​អសារ​បង់ ដោយ​សេចក្តីសម្រេច​លេខ​១៤០/០១៥/២០១៣​កប​ធ​.​ច ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៣ ដែលជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា​។ ​

សរុបសេចក្តី​មក គោលបំណង​នៃ​ការទាមទារ​ស្នើសុំ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្មាន​សង្ឃឹម​បន្តិច​ណា​ឡើយ ហើយ​ការធ្វើ​មហា​បាតុកម្ម​ក្រោមរូបភាព​ស្មឹង​ស្មាធិ៍ បួងសួង​សុំ​សន្តិភាព និង​យុត្តិធម៌​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​គ្រាន់តែ​បានបង្ហាញ​អំពី​កម្លាំង​មហាជន​ចូលរួម​គាំទ្រ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​៕​

King-To-Sam​​-Rainsy-03-09 26038736_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.