ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

លោកតា​វ័យ​ចំណាស់​ជាង​១០០​ឆ្នាំ​ពីរ​នាក់​ជា​បេក្ខជន​ប្រកួតប្រជែង​របស់​សៀវភៅ​កំណត់ត្រា​ពិភពលោក​វ័យចាស់​ជាងគេ​

​ដើម្បី​ជាប់​ឈ្មោះ​នៅក្នុង​សៀវភៅ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក «Guinness Book World Record» ជា​មនុស្ស​វ័យចាស់​ជាងគេ​ក្នុង​ពិភពលោក​មិនមែនជា​ការងាយស្រួល​ឡើយ គឺ​ត្រូវ​ឆ្លងកាត់​ការស៊ើបអង្កេត​និង​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​បំផុត​នូវ​សំបុត្រកំណើត​សម្គាល់​ពី​អាយុ​របស់​បេក្ខជន​ចេញ​ដោយ​អាជ្ញាធរ​។​ ​

នៅក្នុង​ឆ្នាំ​២០១៣​នេះ មាន​លោកតា​វ័យ​ចំណាស់​ជាង​១០០​ឆ្នាំ​ពីរ​នាក់ កំពុង​ឋិត​នៅក្នុង​តំណាក់កាល​នៃ​ការប្រកួតប្រជែង​ដណ្តើមយក​ជើងឯក​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​គឺ​៖

១- លោកតា​ឈ្មោះ Feroz-ud-DIN Mir រស់នៅ​ភូមិ Bijhama ស្រុក Baramulla រដ្ឋ Kashmir នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​ ​តាម​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​កំណើត​របស់​លោកតា​ដោយ​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា លោកតា​កើត​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៨៧២​។ មានន័យថា លោកតា​ត្រូវមាន​អាយុ​១៤១​ឆ្នាំ​។​

២- លោកតា​ឈ្មោះ Carmelo Flores ជា​កសិករ​ក្រីក្រ​មួយរូប រស់នៅ​តំបន់​ដាច់ស្រយាល​ជិត​បឹង Titicaca នៃ​ប្រទេស​បូ​លី​វី​។ លោកតា​មានកូន​បីនាក់​ដែលមាន​ម្នាក់​គត់​នៅរស់​មាន​អាយុ​៦៧​ឆ្នាំ និង​មាន​ចៅ​ចំនួន​៤០​នាក់​។​ ​យោងតាម​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​កំណើត​ដោយ​សាសនា​រ៉ូ​ម៉ាំង​កាតូលិក បាន​បញ្ជាក់ថា លោកតា​កើត​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​១៨៩០​។ មានន័យថា លោកតា​ត្រូវមាន​អាយុ​១២៣​ឆ្នាំ។ ប៉ុន្តែ​លោកតា​កសិករ​ក្រីក្រ​នៃ​ទ្វីបអាមេរិក​ខាងត្បូង​នេះ ត្រូវបាន​អាជ្ញាធរ​ចេញ​វិញ្ញាបនបត្រ​ឆ្នាំ​កំណើត​ផ្លូវការ​ដាក់ថា កើត​នៅក្នុង​ឆ្នាំ​១៩៤០ ទៅវិញ​។​ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា លោកតា Carmelo Flores ត្រូវបាន​ចុះ​ក្នុង​កំណត់ត្រា​នៃ​បេតិកភណ្ឌ​មនុស្សជាតិ​របស់​ប្រទេស​បូ​លី​វី​។

​ទោះយ៉ាងណា​ក៏ដោយ លោកតា​វ័យ​ចំណាស់​ទាំងពីរ​កំពុង​ឋិត​នៅក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត​និង​ត្រួតពិនិត្យ​ដោយ​មន្ត្រី​កំណត់ត្រា​ពិភពលោក​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​ទាក់ទង​នឹង​អាយុ​ពិតប្រាកដ​ឲ្យ​បានច្បាស់លាស់​និង​ល្អិតល្អន់​នៅឡើយ​មុននឹង​ឈានទៅ​សម្រេច​ឲ្យ​បេក្ខជន​រូប​ណា​ជាប់​ឈ្មោះ​ជា​មនុស្ស​ចាស់​ជាងគេ​ក្នុង​ពិភពលោក​នោះ​៕​

141

123

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.