ប្រជាពលរដ្ឋរស់នៅភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមហ៊ុនចិនមួយដែលកំពុងរុករករ៉ែមាសនៅតំបន់នោះ អស់រយៈពេលជិត៥ឆ្នាំមកហើយ បានវាតទីរំលោភបំពានទៅលើដីធ្លីរបស់ពួកគាត់កំពុងកាន់កាប់ ។
ប្រភពពីអាជ្ញាធរដែលរស់នៅទីនោះ បានឲ្យដឹងដែរថា ក្រុមហ៊ុនចិនដែលកំពុងរុករករ៉ែមាសនៅភូមិសាស្ត្រភូមិ-ឃុំ-ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង គឺមានឈ្មោះថា ក្រុមហ៊ុនភូ យ៉ាង (ខេមបូឌា)"PHU YANG (CAMBODIA)Co.,Ltd." ។
ក្រុមហ៊ុនចិននេះកំពុងរុករករ៉ែមាសនៅលើផ្ទៃដីប្រមាណ៤គីឡូម៉ែត្រ៤ជ្រុង ហើយបានដាក់ពង្រាយកងកម្លាំងការពារនៅជុំវិញទីតាំងដែលក្រុមហ៊ុនរុករករ៉ែ មិនអាចឲ្យនរណាម្នាក់ដែលគ្មានភារកិច្ចចេញចូលបានឡើយ ។ ដោយឡែក ប្រជាពលរដ្ឋដែលមានផ្ទៃដីកាន់កាប់ប៉ះពាល់នឹងទីតាំងដីធ្លីរបស់ក្រុមហ៊ុននោះ ក៏បានដាក់ពាក្យបណ្តឹងមកអាជ្ញាធរដោះស្រាយរួចហើយដែរ ៕