គណបក្សហ្វ៊ុនស៊ិនប៉ិច អតីតមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន ធ្លាប់បានចុះពិធីសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ"សាជាថ្មី" ជាមួយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤ ដែលកាលណោះ គណបក្សនយោបាយទាំងពីរបានឯកភាពគ្នាជ្រើសរើសយកនីតិវិធីនៃការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងរចនាសម្ព័ន្ធដឹកនាំរដ្ឋសភា និងផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងស្មារតីធានាដំណើរការជាប្រក្រតីនៃស្ថាប័នរដ្ឋ ។
លទ្ធផលដែលកើតចេញពីសម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំងពីរនេះ ឈានទៅដល់ការបង្កើតច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ចុះហត្ថលេខាដោយឯកឧត្តម ញឹក ប៊ុនឆៃ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ។
ចាប់តាំងពីមានកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះរួចមក ធ្វើគណបក្សនយោបាយទាំងពីរទទួលបានផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក តាមរយៈការបែងចែកអំណាចគ្នាកាន់កាប់យ៉ាងល្អូកល្អឺន ខណៈដែលសំឡេងឆ្នោតគាំទ្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិចចេះតែធ្លាក់ចុះជាលំដាប់ ដោយសារការបែកបាក់ផ្ទៃក្នុងផង និងប្រឡាក់ប្រឡូសនឹងអំពើពុករលួយជាមួយគណបក្សប្រជាជនកម្ពុជាផង ។
ក្រោយមក គណបក្សហ្វ៊ុនស៊ិនប៉ិចក៏ទទួលរងការបែកបាក់ធ្ងន់ធ្ងរថែមទៀត គឺបែកបាក់បាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សតែម្តង ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅស្តាយស្រណោះនឹងឆាកនយោបាយ ក៏បង្ខំព្រះទ័យទៅបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ គណបក្សនរោត្តម រណឫទ្ធិ សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ "២០០៨-២០១៣" ។
ជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចដឹកនាំដោយឯកឧត្តម ញឹក ប៊ុនឆៃ "មានឈ្មោះជាមេបក្ស គឺឯកឧត្តម កែវ ពុទ្ធិរស្មី ជាស្វាមីរបស់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី" ទទួលបានចំនួន២អាសនៈ និងគណបក្ស នរោត្តម រណឫទ្ធិ ក៏ទទួលបានចំនួន២អាសនៈដូចគ្នា ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រច្រើនលើសលប់ រហូតដល់ចំនួន៩០អាសនៈនៅក្នុងអាសនៈរដ្ឋសភាសរុបចំនួន១២៣អាសនៈ ។
តាំងពីពេលនោះមក ទាំងគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងគណបក្សនរោត្តម រណឫទ្ធិ "មានចំណែកតិចតួច" បានក្លាយទៅជាសម្ពាយរបស់គណបក្សប្រជាជនកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាបានបែងចែកឋានៈបុណ្យស័ក្តិតាមស្ថាប័នមួយចំនួនជូនឲ្យទៅមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច និងមន្ត្រីដង្ហែឈូឆរចុះឡើងតាមគណបក្សនរោត្តម រណឫទ្ធិ គ្រាន់ទទួលបានលុយចាយ និងបានងារជាឯកឧត្តម និងលោកជំទាវ ។ ស្របពេលជាមួយគ្នានោះ ក៏មានមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួនបានផ្តាច់ខ្លួនទាំងស្រុងចុះចូលទៅបម្រើក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាតែម្តង ។ សម្ពាយនេះមិនត្រឹមក្លាយជាបន្ទុករបស់គណបក្សប្រជាជនកម្ពុជាទេ និងក៏បានក្លាយជាបន្ទុកដ៏ធ្ងន់របស់ជាតិផងដែរ ដ្បិតរាជរដ្ឋាភិបាលនីតិកាលទី៤នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានមន្ត្រីច្រើនសន្ធឹកសន្ធាប់ស្អេកស្កះណាស់ដែលទទួលបានប្រាក់បៀវត្សរ៍ពីរដ្ឋ ។
បន្ទាប់ពីបានលេងល្បែងនយោបាយកាច់ផ្តួលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមានជំហរមិនសូវនឹងនស្រាប់ផង ឲ្យខ្ទាតចាកចេញឆ្ងាយពីឆាកនយោបាយបានសម្រេចរួចហើយនោះ ក្រុមមន្ត្រីឈូឆរចុះឡើងនៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ ក៏បានច្របាច់រួមបញ្ចូលគ្នាវិញ ជ្រកក្រោមស្លាកគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ និងបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ ប៉ុន្តែគ្មានរំពឹងថា នឹងទទួលបានអាសនៈណាមួយនៅក្នុងរដ្ឋសភានីតិកាលទី៥ទេ គឺសូន្យកៅអីតែម្តង ។
សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាសម្ពាយរបស់គណបក្សប្រជាជនកម្ពុជានោះ មិនត្រឹមតែមិនអាចរក្សាអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភាបានប៉ុណ្ណោះទេ គឺជួយទាញប៊ិះនាំឲ្យគណបក្សប្រជាជនកម្ពុជាលិចលង់ថែមទៀត ដោយគណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥អស់ចំនួន២២អាសនៈឯណោះ ដែលការបាត់បង់ទាំងនេះបានធ្លាក់ទៅក្នុងដៃគណបក្សនយោបាយប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានចោទជាសំណួរថា ក្នុងស្ថានភាពគណបក្សហ្វ៊ុនស៊ិនប៉ិចគ្មានអាសនៈមួយគ្រាប់ក្នុងរដ្ឋសភាបែបនេះ តើគណបក្សប្រជាជនកម្ពុជានឹងបន្តរក្សាទុកគណបក្សហ្វ៊ុនស៊ិនប៉ិចធ្វើជាសម្ពាយរបស់ខ្លួន ដើម្បីស្ពាយតាមតទៅទៀតគ្រាន់បានជួយបំបែកសំឡេងឆ្នោត ឬក៏ប្រមូលឲ្យចុះចូលក្នុងគណបក្សប្រជាជនកម្ពុជាទាំងអស់តែម្តង ដើម្បីកុំឲ្យស្មុគស្មាញ និងពិបាកគ្រប់គ្រង ? ម្យ៉ាងទៀត តើគណបក្សប្រជាជនកម្ពុជាដែលនឹងត្រូវដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៤នៃរដ្ឋសភាខាងមុខនេះ ត្រៀមបែងចែកឋានៈបុណ្យស័ក្តិប៉ុន្មានទៀតឲ្យទៅមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចមុខដដែលៗទាំងនោះ ?
នេះគឺជាមេរៀនក្នុងការធ្វើនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិចអស់រយៈពេល២០ឆ្នាំកន្លងមក ខណៈដែលញើសឈាមប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកនយោបាយ នៃគណបក្សទាំងពីរ ៕