យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ បានឲ្យដឹងថា នៅថ្ងៃស្អែកទី០៥ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប ខណៈដែលវេលាព្រឹកនេះក្រុមប្រឹក្សាធម្មនុញ្ញសម្រេចលើបណ្តឹងតវ៉ាលទ្ធផលឆ្នោតរបស់គណបក្សប្រឆាំងនៅមណ្ឌលខេត្តបាត់ដំបង ។
សូមបញ្ជាក់ជូនថា នៅមណ្ឌលបោះឆ្នោតនៃខេត្ត-រាជធានីចំនួន១១ គឺខេត្តកំពង់ធំ ព្រះសីហនុ ក្រចេះ ស្វាយរៀង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ ព្រៃវែង កំពត តាកែវ និងរាជធានីភ្នំពេញ ដែលគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត"គ.ជ.ប" ពាក់ព័ន្ធនឹងលទ្ធផលឆ្នោតបណ្តោះអាសន្ន ទៅក្រុមប្រឹក្សាធម្មនុញ្ញនោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចរួចរាល់អស់ហើយ ។
ជាលទ្ធផលបានបង្ហាញឲ្យឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទាំងអស់ ។ មានន័យថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលពាក្យបណ្តឹងតវ៉ានឹងលទ្ធផលឆ្នោតរបស់គណបក្សប្រឆាំងទាំងចំនួន១១ខេត្តនេះ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការសម្រេចពីលើកមុនៗ លើកនេះក៏ដូចជាលើកក្រោយដែរ គឺលទ្ធផលនឹងគ្មានអ្វីប្លែកទេ ពីព្រោះក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចបដិសេធចោលពាក្យបណ្តឹងតវ៉ារបស់គណបក្សប្រឆាំងដដែលជាដដែល ប៉ុន្តែការសម្រេចនេះគ្រាន់តែធ្វើដើម្បីបំពេញកិច្ច ឲ្យស្របតាមនីតិវិធីច្បាប់ប៉ុណ្ណោះ ៕