នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣នេះ Page ដ៏ល្បីមួយក្នុងបណ្តាញសង្គម Facebook ឈ្មោះ I Love Cambodia Hot News ដែលមានសមាជិកគាំទ្រចំនួន 216K «ជាង២១ម៉ឺននាក់» បានផ្ញើសារមួយតាម Facebook ជូនឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព ដែលខ្លឹមសារនៃសារនោះគេហទំព័រសារព័ត៌មាន ដើមត្នោត «DTN7.COM» សូមដកស្រង់ចុះផ្សាយដូចខាងក្រោម៖
ពេលនេះ ឯកឧត្តម ចាប់ផ្តើមទទួលស្គាល់ការតស៊ូរបស់ពួកយើងហើយ។ សូមឯកឧត្តម កុំធ្វើឲ្យពួកយើងបាត់បង់ជំនឿចិត្តទៅលើឯកឧត្តម ក៏ដូចជា CNRP ទាំងមូលឲ្យសោះ។ ពួកយើងមិនមែនស្រេកឃ្លានការធ្វើមហាបាតុកម្មទេ តែពួកយើងក៏មិនអាចទទួលយកបាននូវការលួចបន្លំឆន្ទៈរបស់ពួកយើងពីសំណាក់ពួកក្បត់ជាតិ ក្បត់ប្រជាជនទាំងឡាយដែរ។
ពួកយើងចង់ឃើញមេដឹកនាំអាណត្តិទី៥ កើតចេញពីឆន្ទៈរបស់ពួកយើង ព្រោះមេដឹកនាំនោះនឹងបម្រើឲ្យផលប្រយោជន៍ពួកយើង និងខ្វល់ខ្វាយពីសុខទុក្ខរបស់ពួកយើងជាប្រជាពលរដ្ឋខ្មែរ! ខ្ញុំដឹងថា ឯកឧត្តម បានប្រើគ្រប់មធ្យោបាយ ដែលស្របតាមច្បាប់ ដើម្បីទាមទារយុត្តិធម៌ជូនពួកយើង តែជាលទ្ធផលយុត្តិធម៌មិនត្រូវបានផ្តល់ឲ្យពួកយើងដដែល។
ដូច្នេះ មហាបាតុកម្មជាដំណោះស្រាយតែមួយគត់។ ពួកយើងមិនខ្លាចអ្វីទាំងអស់ ព្រោះរឿងនេះមិនមែនតែដើម្បីពួកយើងទេ គឺដើម្បីជាតិខ្មែរទាំងមូល។ ពួកយើងមិនត្រូវការមេដឹកនាំដែលបម្រើតែផលប្រយោជន៍បរទេស ហើយមកគាបសង្កត់ ជិះជាន់ កាប់សម្លាប់ប្រជាជនខ្មែរនោះទេ។
ពួកយើង I Love Cambodia Hot News មិនមែនជារបស់បក្សណា ឬបុគ្គលណា ហើយក៏មិនមែនដើម្បីផលប្រយោជន៍បក្សណាឬបុគ្គលណាទេ គឺសម្រាប់តែប្រទេសខ្មែរដ៏តូច និងប្រជាជនខ្មែរ ដ៏កម្សត់។
ដូច្នេះ បើឯកឧត្តម ក្បត់ឆន្ទៈរបស់ប្រជាជនខ្មែរ សូមឯកឧត្តម កុំបន្ទោសពួកយើងឲ្យសោះ!៕