ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

បោះ​ឆ្នោតជាតិ​៥​អាណត្តិ​នៅ​កម្ពុជា​រក​គណបក្ស​ឈ្នះ​ឆ្នោត​ដោយ​ថ្លៃថ្នូរ​និង​គណបក្ស​ចាញ់ឆ្នោត​ដោយ​អស់ចិត្ត​មិនឃើញ

​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា​ ហៅ​កាត់​ថា​ "​សន្និសីទ​ទី​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា​"​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​មក​ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន​៥​លើក​"៥​អាណត្តិ​"​រួច​ហើយ​ គិត​ត្រឹម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​ ​

កាលពី​សម័យ​បោះ​ឆ្នោត​នា​អាណត្តិ​ទី​១​ "១៩៩៣-១៩៩៨"​ រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​"​អ៊ុ​ន​តាក់​-UNTAC"​ ពេល​ដែល​គណបក្ស​ហ្វ៊ុ​ស៊ិ​ន​ប៉ិច​ទទួល​បានការ​ឈ្នះ​ឆ្នោត​ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាញ់ឆ្នោត​ "​ឡាំប៉ា​ពេញទំហឹង​"​ ដោយ​ចោទប្រកាន់​អ៊ុ​នតា​ក់ថា​ លម្អៀង​ រៀបចំ​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​…​។​ល​។​ ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តម្រូវ​ឲ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​មាន​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ អតីត​ជា​ព្រះប្រធាន​នា​ពេល​នោះ​ គឺ​សម្តេចក្រុមព្រះ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ។​

ប៉ុន្តែ​ដោយ​លេច​ចេញ​មាន​កម្លាំង​បង្កើត​តំបន់អបគមន៍​តវ៉ា​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ និង​ក្រោម​ព្រះរាជ​តម្រិះ​របស់​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ក្នុង​ន័យ​បង្រួបបង្រួម​ជាតិ​ និង​ផ្សះផ្សា​ជាតិ​ កុំ​ឲ្យ​ខ្មែរ​មានការ​បែកបាក់​គ្នា​ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​ដល់​ទៅ​ពីរ​ ដែល​មិន​ធ្លាប់​មាន​ទាល់តែ​សោះ​នៅ​ក្នុង​ពិភពលោក​ ។​ មាន​ន័យ​ថា​ គណបក្ស​ឈ្នះ​ឆ្នោត​មិន​បាន​កាន់កាប់​មុខ​តំណែង​ក្នុង​រាជរដ្ឋាភិបាល​ផ្តាច់មុខ​ឡើយ​ បែរ​ក្លាយទៅជា​មាន​ទម្រង់​រាជរដ្ឋាភិបាល​ចម្រុះ​ទៅ​វិញ​ ពោល​គឺ​ឈ្នះ​ឆ្នោត​ដោយ​មិន​ទទួល​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ​ ស័ក្តិសម​នឹង​ជ័យជម្នះ​ទាល់តែ​សោះ​ ខណៈ​ដែល​គណបក្ស​នយោបាយ​ចាញ់ឆ្នោត​ក្រាញ​តវ៉ា​មិន​ព្រម​ចាញ់​ ។​ ​

តរៀង​មក​ តាំងពី​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​២​ដល់​អាណត្តិ​ទី​៥​នេះ​ ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ដែល​មាន​សិទ្ធិ​អំណាច​និង​សមត្ថកិច្ច​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ។​ ​នៅ​អាណត្តិ​ទី​២​ "១៩៩៨-២០០៣"​ អាណត្តិ​ទី​៣"២០០៣-២០០៨"​ និង​អាណត្តិ​ទី​៤"២០០៨ -២០១៣"​ គណបក្ស​នយោបាយ​ដែល​ចាញ់ឆ្នោត​ក៏​បាន​ឡាំប៉ា​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​អាណត្តិ​ទី​១​ដែរ​ ប៉ុន្តែ​គណបក្ស​នយោបាយ​ទាំងនោះ​គ្មាន​កម្លាំង​ទ័ព​សម្រាប់​បង្កើត​តំបន់អបគមន៍​ទេ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​ឈ្នះ​ឆ្នោត​រៀង​រហូត​មក​ និង​បាន​កាន់កាប់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផ្តាច់មុខ​ម្នាក់ឯង​ថែម​ទៀត​ ។​ គណបក្ស​ចាញ់ឆ្នោត​បាន​ចោទប្រកាន់​"​គ​.​ជ​.​ប​"​ថា​ មិន​ឯករាជ្យ​ លម្អៀង​ មិន​យុត្តិធម៌​ និង​អសមត្ថភាព​…​។​ល​។​

ថ្វី​ដ្បិត​ក្រុម​គណបក្ស​នយោបាយ​ចាញ់ឆ្នោត​នា​ពេល​នោះ​គ្មាន​កម្លាំង​ទ័ព​បង្កើត​តំបន់អបគមន៍​ក៏​ពិតមែន​ ប៉ុន្តែ​ពួក​គេ​មាន​កម្លាំង​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ បាន​បង្ក​ឲ្យ​មានការ​ជាប់​គាំង​ផ្នែក​នយោបាយ​រហូត​ធ្វើ​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​សំខាន់ៗ​ទាក់ទង​នឹង​ការ​រៀបចំ​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ រហូត​ដល់​ទៅ​ចំនួន​៦​លើក​ក្នុង​រយៈពេល​តែត្រឹម​១២​ឆ្នាំ​ ។​ ទោះ​យ៉ាងណា​ ដំណោះស្រាយ​ជាក់ស្តែង​នៅ​តែ​មាន​ ដោយសារ​រូបមន្ត​បែងចែក​អំណាច​គ្នា​ក្នុង​រង្វង់​អ្នកនយោបាយ​ ខណៈ​ដែល​ស្ថាប័ន​ គ​.​ជ​.​ប​ មិន​ត្រូវ​បាន​កែទម្រង់​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ទាំង​ស្ថាប័ន​ ទាំង​មន្ត្រី​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ឡើយ​ ។​ ​

ឈាន​ចូល​មក​ដល់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ​ទៀត​ ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​បឋម​ និង​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ ដោយ​ គ​.​ជ​.​ប​ រួច​មក​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹង​ថា​ នឹង​បាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​តិច​ជាង​ ឬ​ចាញ់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ បាន​ទាមទារ​ឲ្យ​មានការ​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ​ ដើម្បី​ស៊ើបអង្កេត​ ត្រួតពិនិត្យ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​គ្រប់​ជំហាន​ពី​សំណាក់​គណបក្ស​នយោបាយ​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អះអាង​ថា​ ខ្លួន​នឹង​ត្រូវ​ឈ្នះ​ឆ្នោត​ ។​

​ជាមួយ​គ្នា​នេះ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ និង​គ​.​ជ​.​ប​ ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​ និង​វាយប្រហារ​យ៉ាង​ធ្ងន់ៗ​ និង​យ៉ាង​ចំៗ​ពី​សំណាក់​គណបក្ស​នយោបាយ​ប្រឆាំង​ថា​ ធ្វើការ​លម្អៀង​ មិន​យុត្តិធម៌​ និង​អសមត្ថភាព​ ព្រមទាំង​គណបក្សប្រឆាំង​បាន​បង្ហាញ​អំពី​ជំហរ​របស់​ខ្លួន​ថា​ លែង​ទុកចិត្ត​ទៅ​លើ​ គ​.​ជ​.​ប​ ទាំងស្រុង​តែ​ម្តង​ ។​

​ខណៈ​ដែល​គណបក្សប្រឆាំង​រៀបចំ​គម្រោង​ធ្វើ​មហា​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ព្រមទាំង​មាន​កម្លាំង​គាំទ្រ​យ៉ាង​ពុះកញ្ជ្រោល​ថែម​ទៀត​នោះ​ ក៏​បាន​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ព្រួយបារម្ភ​មិន​ស្ទើរ​ឡើយ​ ដ្បិត​សំឡេង​ឆ្នោត​គាំទ្រ​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ចាញ់​-​ឈ្នះ​គ្នា​មិន​ដាច់​ឆ្ងាយ​ទេ​ និង​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​ប្រុង​ជើងការ​ទប់ទល់​ និង​បង្ក្រាប​បាតុករ​យ៉ាង​មោះមុត​ផង​ដែរ​ ។​ ​

លុះ​មក​ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រះមហាក្សត្រ​ខ្មែរ​ដែល​កំពុង​គង់នៅ​ប្រទេស​ចិន​ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​នោះ​ បាន​ចេញ​ព្រះរាជ​សារ​មួយ​ធ្វើការ​អំពាវនាវ​ឲ្យ​ជនរួមជាតិ​របស់​ព្រះ​អង្គ​រក្សា​ភាព​ស្ងប់ស្ងៀម​ ។​ ឥទ្ធិពល​នៃ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ដែល​មានការ​ដង្ហែ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ឲ្យ​កម្លាំង​ចលនា​ធ្វើ​មហា​បាតុកម្ម​ដ៏​ពុះកញ្ជ្រោល​របស់​គណបក្សប្រឆាំង​ ហាក់​មាន​កម្រិត​ថមថយ​ចុះ​យ៉ាង​ខ្លាំង​ ជា​អាទិ៍​ បាន​បញ្ចូល​បន្ថែម​កម្មវិធី​បួងសួង​ សម្មាធិ​សុំ​សន្តិភាព​ និង​យុត្តិធម៌​ ព្រមទាំង​បង្ហាញ​អំពី​កម្រិត​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នោះ​ ដោយ​មិន​មានការ​ហែ​ក្បួន​ច្បាស់លាស់​ ពោល​គឺ​ត្រឹម​នៅ​នឹង​កន្លែង​ប្រកបដោយ​សន្តិវិធី​ និង​អហិង្សា​ថែម​ទៀត​ផង​ ។

មាន​ន័យ​ថា​ ការ​ស្នើ​សុំ​យ៉ាង​ទទូច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ សឹងតែ​រលាយ​សូន្យ​អសារ​ឥត​ការ​ ឬ​គ្មាន​សង្ឃឹម​ ឬ​សង្ឃឹម​ដែរ​តែ​សង្ឃឹម​តិចៗ​ ខណៈ​ដែល​គណបក្ស​នយោបាយ​កាន់​អំណាច​បាន​ប្រកាស​ថា​ ខ្លួន​ឈ្នះ​ឆ្នោត​រួច​ជា​ស្រេច​ និង​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​បាន​ចង្អុល​ប្រាប់​ឲ្យ​ជនរួមជាតិ​របស់​ព្រះ​អង្គ​ធ្វើការ​ដោះស្រាយ​បញ្ហា​នានា​ តាម​រយៈ​ គ​.​ជ​.​ប​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ ទាក់ទង​នឹង​ដំណើរការ​បោះ​ឆ្នោត​ ។​ ​

សរុបសេចក្តី​មក​ ការ​បោះ​ឆ្នោតជាតិ​នៅ​កម្ពុជា​អស់​រយៈពេល​៥​អាណត្តិ​កន្លង​មកនេះ​ រក​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ដោយ​ថ្លៃថ្នូរ​ និង​គណបក្ស​នយោបាយ​ចាញ់ឆ្នោត​ដោយ​អស់ចិត្ត​ មិន​ទាន់​ឃើញ​ពិតប្រាកដ​នៅឡើយ​ ៕​

Hun-Sen-Vote-2013

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.