ប្រភពព័ត៌មានពីខេត្តបាត់ដំបងបានឲ្យដឹងថា ថ្វីដ្បិតបច្ចុប្បន្ននេះឋិតនៅក្នុងដំណាក់កាលជារដូវបិទឡូត៍នេសាទក៏ដោយ ក៏ប៉ុន្តែក្រុមឈ្មួញនេសាទធំៗដែលមានខ្នងក្រាស់ពោះគ្រើមមិនបានបិទឡើយ គឺបើកចំហជាប្រចាំតែម្តង ដោយបានប្រើរបាំងពណ៌ខ្មៅ និងពណ៌ក្រហមរាប់រយរបាំងស្ទាក់ចាប់ត្រីក្នុងទន្លេ ដែលមានប្រវែងចាប់ពី៨០០ម៉ែត្រដល់ទៅ២.៥០០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិក្បាលតោល "តំបន់អភិរក្សឡូត៍នេសាទលេខ១ គ្រប់គ្រងដោយសង្កាត់ជលផលក្បាលតោល" និងភូមិព្រែកទាល់ ព្រមទាំងភូមិពាក់កន្ទេល "តំបន់អភិរក្សឡូត៍នេសាទលេខ២ គ្រប់គ្រងដោយសង្កាត់ជលផលកំពង់ប្រហុក" ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្រុមប្រជាពលរដ្ឋរស់នៅតំបន់នោះបាននិយាយប្រាប់ឲ្យដឹងថា កន្លងមកខាងមន្ត្រីថ្នាក់លើរបស់រដ្ឋបាលជលផលធ្លាប់បានកេណ្ឌកម្លាំងចុះត្រួតពិនិត្យដែរ ប៉ុន្តែបង្ក្រាបបានតែត្រឹមកម្រិតប្រជាពលរដ្ឋក្រីក្រ តូចតាចប៉ុណ្ណោះ រីឯក្រុមឈ្មួញនេសាទធំៗវិញដែលគេអាចដឹងព័ត៌មានមុន បានប្រើល្បិចពន្លិចរបាំងស្ទាក់ចាប់ត្រីដែលពួកគេបានដាក់ទាំងអស់ លាក់បាំងនឹងភ្នែកសមត្ថកិច្ច ។ ពេលចប់ប្រតិបត្តិការត្រួតពិនិត្យភ្លាមៗ គឺបទល្មើសក៏បានកើតឡើងភ្លែតដែរ បង្កដោយក្រុមឈ្មួញនេសាទធំៗទាំងនោះ ។
មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិម្នាក់ បាននិយាយឲ្យដឹងថា ករណីបង្ក្រាបបទល្មើសនេសាទគឺដូចជា"វែកចក"អ៊ីចឹង គ្មានប្រសិទ្ធភាពទេ ពីព្រោះបទល្មើសទាំងនោះវាក្លាយជាឆ្នាំងបាយរបស់មន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធតាមឋានានុក្រមហូរហែ ដោយបង្ក្រាបញឹកបានលុយចូលហោប៉ៅក៏ញាប់ រីឯអ្នករងគ្រោះពិតប្រាកដក្នុងការប្រកបរបរនេសាទធ្លាក់មកលើប្រជាពលរដ្ឋក្រីក្រតូចតាចទៅវិញ ។
រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ល្មមដល់ពេលកែទម្រង់ត្រួតពិនិត្យមើលប្រសិទ្ធភាពការងារជាក់ស្តែងរបស់ឯកឧត្តម ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មានឋានៈស្មើរដ្ឋលេខាធិការនោះផង ពីព្រោះកាន់កាប់តំណែងដុះស្លែយូរមកហើយៗក៏បានប្រមូលលាភសក្ការៈពីធនធានមច្ឆាជាតិរបស់ខ្មែរក្នុងចំនួនសន្ធឹកសន្ធាប់ថែមទៀត ៕