គណបក្សសង្គ្រោះជាតិបាន Post នៅក្នុង Page នៃបណ្តាញព័ត៌មានសង្គម Facebook របស់គណបក្សកាលពីវេលាយប់នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ ដោយអះអាងថា គណបក្សនៅតែរក្សាជំហរការធ្វើបាតុកម្មអហិង្សាដដែល ប៉ុន្តែបញ្ចូលបន្ថែមកម្មវិធីបួងសួងសុំសន្តិភាពក្នុងនោះ។
អត្ថបទនៅក្នុង Page Facebook របស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា «សម្តីរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលថា គាំទ្រព្រះរាជសារព្រះមហាក្សត្រមានន័យថា យើងគាំទ្រឲ្យបាតុកម្មរបស់យើងប្រព្រឹត្តឡើងដោយអហិង្សា មិនមែនមានន័យថា លុបចោលបាតុកម្មនោះទេ»។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ទៀតថា បាតុកម្មអហិង្សានៅតែមាន គ្មានការកែប្រែ ហើយពិធីបួងសួងគឺជាផ្នែកមួយនៃបាតុកម្មអហិង្សា មិនមែនជាការជំនួសឡើយ។
សូមរំលឹកជូនថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតផ្លូវការមួយច្បាប់ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យរួចហើយ ដែលគ្រោងធ្វើនៅវេលាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានការចូលរួមពីបាតុករចំនួនប្រមាណ២ម៉ឺននាក់ ក្នុងគោលបំណងទាមទារឲ្យមានការបង្កើតគណៈកម្មការពិសេសឯករាជ្យមួយ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក៕