ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ព្រះរាជសារ​ព្រះមហាក្សត្រ​មួយ​សន្លឹក​ពិតជា​មានន័យ​ដែល​អាចធ្វើ​ឲ្យ​គម្រោង​មហា​បាតុកម្ម​ដ៏​ពុះកញ្ជ្រោល​របស់​គណបក្ស​ប្រឆាំង​ក្លាយ​ជា​ការតាំង​សមាធិ​វិញ​

​ព្រះរាជសារ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឡាយព្រះហស្តលេខា ដោយ​គ្មាន​កំណត់​ទីកន្លែង​ផ្ញើជូន​ជនរួមជាតិ​ជាទី​ស្នេហា​របស់​ព្រះអង្គ​នោះ ពិតជា​មានន័យ​មែន ដែល​អាចធ្វើ​ឲ្យ​រលក​ចលនា​នៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ ប្រែក្លាយ​មកជា​ការ​ប្រារព្ធ​ពិធី​តាំងសមាធិ បួងសួង​ដោយ​ស្ងប់ស្ងៀម​វិញ​បាន​។​ ​

ខ្លឹមសារ​នៃ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ គឺ​បាន​រំលឹក​ដល់​ជនរួមជាតិ​របស់​ព្រះអង្គ​ថា «​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នឹង​ប្រកាស​ជា​ផ្លូវការ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខនេះ ដើម្បី​ឲ្យ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ បាន​ដំណើរការ​ត្រឹមត្រូវ តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ សំដៅ​ធានា​ស្ថិរភាព និង​និរន្តរភាព​នៃ​ជាតិ​យើង​។ ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​មាន​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល ដែល​ប្រជាជាតិ​ហើយ​គោរព​ទាំងអស់គ្នា​។ ការដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ គួរ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ប្រគល់​តួនាទី ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​យើង​។ មេរៀន​ជា​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ប្រជាជាតិ​យើង​ធ្លាប់មាន​ការបែកបាក់​គ្នា ការឈឺចាប់​ជាច្រើន​ឥត​គណនា​។ អាស្រ័យហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម និង​ភាពថ្លៃថ្នូរ​នៃ​ជាតិ​យើង​។​»​។​ ​

អនុលោម​តាម​ខ្លឹមសារ​នៃ​ព្រះរាជសារ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ របស់​ព្រះមហាក្សត្រ​ដែល​គ្មាន​បញ្ជាក់​អំពី​ទីកន្លែង​ឡាយព្រះហស្តលេខា និង​ក្នុងខណៈដែល​ព្រះអង្គ​កំពុង​គង់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន​នោះ គឺ​ត្រូវបាន​មជ្ឈដ្ឋាន​អ្នកច្បាប់​ពិចារណា​ឃើញថា ការដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត គួរតែ​ដោះស្រាយ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​សមត្ថកិច្ច ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពោលគឺ​មានន័យថា ការទទូច​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន​ស្នើសុំ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ទេ ហើយក៏​មិនគួរ​ត្រូវបាន​ដោះស្រាយ​ដែរ​។ ដូច្នេះ សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ត្រូវ​ទុកចោល​ជា​អសារ​បង់​។ លើសពីនេះ​ទៀត ព្រះរាជសារ​របស់​អង្គ​ព្រះមហាក្សត្រ​បានចង្អុលបង្ហាញ​ឲ្យ​ឃើញ​រួចហើយ​ដែរ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នឹង​ប្រកាស​ជា​ផ្លូវការ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខនេះ ដូច្នេះ ពាក្យបណ្តឹង​តវ៉ា​និង​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្តី និង​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី ក៏​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ដែរ ពីព្រោះ​ពេល​វ​លា​នៅសល់​តិចតួច​ណាស់​សម្រាប់​គណបក្ស​ប្រឆាំង រីឯ​ការប្តឹងតវ៉ា​និង​ការចេញលិខិត​ទាមទារ​ចុះឡើង​ពីរ បី ត្រឡប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្រាន់តែ​ជាការបំពេញ​នីតិវិធី​។​ ​

ជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​ពិតប្រាកដ​មែន គឺ​ព្រះរាជសារ​របស់​អង្គ​ព្រះមហាក្សត្រ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ​ប្រកាស​គាំទ្រ​ដង្ហែ​យ៉ាង​ព្រោងព្រាត និង​យ៉ាង​ភ្លូកទឹកភ្លូកដី​។​ ​ដូច្នេះ រលក​ចលនា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​ដឹកនាំ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់ ឬ​រាប់សែន​នាក់ ឲ្យ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះ គឺ​ហក់​ទៅ​មិន​រួច​នឹង​កម្លាំង​ទប់ទល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ឡើយ ហើយ​ការទាមទារ​នោះ​ក៏​ទំនង​បានត្រឹមតែ​ឲ្យ​អ្នកគាំទ្រ​អស់ចិត្ត និង​ធូរទ្រូង​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ​

ឥឡូវនេះ អ្វីៗ​បានបង្ហាញ​ឲ្យ​ឃើញជាក់ស្តែង​ហើយ​គឺ​ដោយសារតែ​ព្រះរាជសារ​មួយ​សន្លឹក​របស់​អង្គ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ ខណៈដែល​ព្រះអង្គ​កំពុង​គង់នៅ​បរទេស​នោះ​គឺ​បាន​បន្សាប​ឥទ្ធិពល​ចលនា​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ពុះកញ្ជ្រោល​ឲ្យ​វិល​មករក​ការតាំង​សមាធិ ការ​បួងសួង​ដោយ​ស្ងប់ស្ងៀម វិញ​ហើយៗ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី និង​អាជ្ញាធរ​កាន់អំណាច​ក្តី​លែងមាន​កម្តៅ​ប្រឈម​ដាក់គ្នា ដូច​មុន​ទៀត​ដែរ ពោលគឺ​លិខិត​ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៣ របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជម្រាប​ជូនទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជូន​ដំ​ណឺង​ស្តីពី​ការធ្វើ​មហា​បាតុកម្មអហិង្សា​នោះ​ក៏​គ្មាន​ឧបសគ្គ​ទៀត​ដែរ​។ មិនតែប៉ុណ្ណោះ​អ្វីៗ​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ដែរ​ថា ការសម្តែង​មតិ និង​ទស្សនៈ​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម កឹម គុណ​វឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា «​ទ​ទក​» ដែល​អ្នកលេង Facebook ធ្លាប់​រិះគន់​នោះបាន​ក្លាយទៅជា​ការពិត និង​ទៅជា​ត្រឹមត្រូវ​ទាំងអស់៕​

30-08-2013

Letter-to-Phnom-Penh-City-Hall

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.