មន្ត្រីក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បានកត់សំគាល់ឃើញថា មានអំពើពុករលួយកើតឡើងនៅក្នុងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្នុងការរៀបចំគណៈកម្មការមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ។
ក្រុមមន្ត្រីទាំងនោះបានសំណូមពរឲ្យឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការត្រួតពិនិត្យនិងមានវិធានការទៅលើមន្ត្រីពុករលួយនៅក្នុងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនូវចំណុចដូចខាងក្រោម ៖
១-ស្រាវជ្រាវឲ្យឃើញនូវអ្នកបង្កអំពើពុករលួយ និងបក្ខពួកនិយម ដើម្បីឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ ។
២-អ្នកពាក់ព័ន្ធនឹងអំពើពុករលួយគួរតែដកតួនាទី ដោយមិនត្រូវស្តីបន្ទោសផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរនោះទេ ។
៣-ត្រូវរឹតបន្តឹងទៅលើប្រធាន អនុប្រធាននាយកដ្ឋាន ឬការិយាល័យគ្រប់អង្គភាព កុំឲ្យមានការប្រព្រឹត្តអំពើពុករលួយ ប្រកាន់បក្ខពួកនិយម និងបង្កអំពើអយុត្តិធម៌តាមតែអំពើចិត្តតទៅទៀត ។
៤-ចាត់វិធានការឲ្យប្រធានអង្គភាពថ្នាក់កណ្តាលទាំងអស់យកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទឲ្យមានភាពកក់ក្តៅផង ។
៥-ជួយសម្រួលចរន្តការងារទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិឲ្យមានតម្លាភាព និងស្មើភាព ។
ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ"បាក់ឌុប" កាលពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ មានបេក្ខជនប្រឡងសរុបទូទាំងប្រទេសចំនួន១០៥.២៩៧នាក់ និងទទួលបានការប្រឡងជាប់ចំនួន៩១.៣៧០នាក់ ស្មើនឹងប្រមាណ៨៧ភាគរយ ។
តាមការឲ្យដឹងរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន "YRDP" ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ មានចំនួន១៩.០៧៩នាក់ ហើយបានចំណាយប្រាក់ជាមធ្យមចំនួន៣៧ដុល្លារអាមេរិកក្នុងម្នាក់ៗ ដើម្បីធ្វើការសូកប៉ាន់មន្ត្រីអនុរក្សក្នុងរយៈពេលប្រឡង ។ ដូច្នេះ បេក្ខជនប្រឡងទាំងនោះបានចំណាយប្រាក់សរុបប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក សម្រាប់សូកប៉ាន់ទៅឲ្យមន្ត្រីអនុរក្សប្រឡង ដោយមិនទាន់រាប់បញ្ចូលទឹកប្រាក់ចំណាយលើការលួចចម្លង និងទិញវិញ្ញាសាប្រឡងខាងក្រៅនោះផងទេ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា អំពើពុករលួយនៅក្នុងវិស័យអប់រំធ្វើឲ្យការបណ្តុះបណ្តាលធនធានមនុស្សគ្មានគុណភាព និងបន្ទុចបង្អាក់ដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូល ៕