គម្រោងការធ្វើមហាបាតុកម្មដោយសន្តិវិធី និងអហិង្សារបស់គណបក្សសង្គ្រោះជាតិ ត្រូវបានផ្លាស់ប្តូរទិសដៅហើយ បន្ទាប់ពីមានព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក គឺគណបក្សបានសម្រេចធ្វើជាកម្មវិធីបួងសួងសុំសន្តិភាពវិញ ។
ការសម្រេចផ្លាស់ប្តូរកម្មវិធីទាំងតក់ក្រហល់របស់គណបក្សសង្គ្រោះជាតិនេះ គឺត្រូវបានឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្មវិធីបួងសួងសុំសន្តិភាពរបស់គណបក្សសង្គ្រោះជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីវេលាម៉ោង០៨រហូតដល់ម៉ោង១១ព្រឹកខាងមុខ នៅទីលានប្រជាធិបតេយ្យ ។
ដោយឡែក ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននាពេលព្រឹកនេះដែរថា គណបក្សសង្គ្រោះជាតិបានទុកលទ្ធភាពឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងអ្នកគាំទ្រគណបក្សទាំងអស់ អាចធ្វើបាតុកម្មដោយសន្តិវិធីនិងអហិង្សាផងដែរក្នុងពេលជាមួយគ្នានោះ ដោយធ្វើការបញ្ចេញមតិនិងទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង ។
ទោះយ៉ាងណាក៏ដោយ នៅត្រឹមវេលាព្រឹកនេះ គណបក្សសង្គ្រោះជាតិមិនទាន់បានបង្ហើបប្រាប់អំពីចំនួនព្រះសង្ឃដែលត្រូវនិមន្តចូលរួមក្នុងពិធីបួងសួងសុំសន្តិភាពរបស់គណបក្សនោះនៅឡើយ ។
សរុបសេចក្តីមក ឈ្មោះថាមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលធ្លាប់បានធ្វើឲ្យរំជើបរំជួលពេញព្រះរាជាណាចក្រកម្ពុជា នៅក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នោះ បានបញ្ចប់ហើយ ឬក៏មិនសូវពុះកញ្ជ្រោលតទៅទៀតដែរចាប់ពីពេលនេះតទៅ ៕