ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

បាតុកម្ម​សាកល្បង​លើក​ទី​១​របស់​គណបក្សប្រឆាំង​បានចាប់ផ្តើម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​របៀបរៀបរយ​ល្អ​

​មហា​បាតុកម្ម​សាកល្បង​អហិង្សា និង​សន្តិវិធី​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ដំណើរការ​ហើយ​នៅវេលា​ម៉ោង​១៦ នា​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ដោយ​ធ្វើការ​ជួបជុំគ្នា​ហ្វឹកហាត់​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ និង​ដោយ​មិនមាន​ការហែក្បួន​អ្វី​ទេ ក្នុងចំណោម​មនុស្ស​អ្នកគាំទ្រ​ជាង​១​ម៉ឺន​នាក់​ចូលរួម​។​

​ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​ក្នុង​ការមើល​ដំណើរការ​ហ្វឹកហាត់​សម​មហា​បាតុកម្ម​សាកល្បង​លើក​ទី​១​នេះ​។ ​

តាម​ការវាយតម្លៃ​ជារួម បាន​បង្ហាញថា​ដំណើរការ​រៀបចំ​មហា​បាតុកម្ម​សាកល្បង​លើក​ទី​១​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ គឺ​ប្រព្រឹត្តទៅ​ដោយមាន​របៀបរៀបរយ​ល្អ ទោះបី​មាន​អ្នកចូលរួម​ក្នុង​ចំនួន​ច្រើន​កុះករ​ក៏ដោយ​។​

​សូមបញ្ជាក់​ជូន​ថា ដំណើរការ​ហាត់​សម​ធ្វើ​មហា​បាតុកម្ម​សាកល្បង​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នឹងត្រូវ​បញ្ចប់​នៅវេលា​ម៉ោង​១៩​យប់ ដោយ​មានការ​បញ្ចាំង​ខ្សែភាពយន្ត​អំពី​ប្រវត្តិ​នៃ​ការទាមទារ​សិទ្ធិសេរីភាព និង​អធិបតេយ្យភាព​ជូន​ជាតិ​របស់​អតីត​មេដឹកនាំ​ប្រទេស​ឥណ្ឌា មហា​ត្មះ គ​ន្ធី ផងដែរ​។

​ ​តាម​គម្រោង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​កម្មវិធី​ហាត់​សម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២ បន្តទៀត​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៣ ចាប់ពី​វេលា​ម៉ោង​១៦​ល្ងាច ដល់ ម៉ោង​១៩​យប់ មុននឹង​រៀបចំ​ដំណើរការ​មហា​បាតុកម្មអហិង្សា និង​ដោយ​សន្តិវិធី​ផ្លូវការ​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ ដើម្បី​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក្នុង​គោលបំណង​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​៕​

DSC02452

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.