កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣កន្លងមកថ្មី្ៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលទ្រង់កំពុងគង់នៅប្រទេសចិននៅឡើយនោះ បានចេញព្រះរាជសារមួយផ្ញើជូនជនរួមជាតិជាទីស្នេហារបស់ព្រះអង្គ ទាក់ទងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។
ការចេញព្រះរាជសាររហូតដល់ទៅបីដងរបស់ព្រះមហាក្សត្រ ទាក់ទងនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ "លើកទី១ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ លើកទីពីរ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ និងលើកទីបី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣" ធ្វើឲ្យមជ្ឈដ្ឋានបញ្ញវន្ត និងមជ្ឈដ្ឋានអ្នកច្បាប់មានការចាប់អារម្មណ៍យ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ "២០០៨-២០១៣"កន្លងមក ។
ព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់ព្រះករុណាព្រះមហាក្សត្រ ខណៈដែលអង្គព្រះមហាក្សត្រមិនបានគង់នៅភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ម្សិលមិញប្រកាសគាំទ្រ និងដង្ហែយ៉ាងពេញទំហឹង ព្រមទាំងមានមន្ត្រីមួយចំនួនដែលកំពុងសោយសុខពឹងផ្អែកលើគណបក្សប្រជាជនកម្ពុជា បានផ្តល់មតិយោបល់ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិពិចារណាទៅលើព្រះរាជសារនេះទៀតផង ។
បច្ចុប្បន្ន អង្គព្រះមហាក្សត្រកំពុងគង់នៅប្រទេសចិន ដោយព្រះអង្គបានយាងចាកចេញពីកម្ពុជាទៅពិនិត្យព្រះសុខភាព កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣មកម្ល៉េះ ហើយបើតាមប្រភពពីក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថា ព្រះអង្គនឹងយាងមាតុភូមិនិវត្តន៍វិញនៅក្នុងសប្តាហ៍ក្រោយនេះ ។
មាត្រា១ វាក្យខណ្ឌទី១ មាត្រា៧ វាក្យខណ្ឌទី២ និងមាត្រា៣០ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ…។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ។ " ។ ដូច្នេះ អនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះមហាក្សត្រខ្មែរដែលកំពុងគង់នៅឯបរទេសដើម្បីពិនិត្យព្រះសុខភាពនោះ ត្រូវអស់ព្រះរាជសិទ្ធិអំណាចជាព្រះប្រមុខរដ្ឋហើយ ទោះបីព្រះអង្គនៅតែជាព្រះមហាក្សត្រក៏ដោយ ។
ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមអ្នកច្បាប់បានសម្តែងនូវការភ្ញាក់ផ្អើលនៅពេលបានឃើញព្រះមហាក្សត្រកំពុងគង់ពិនិត្យព្រះសុខភាពនៅបរទេស បែរជាព្រះអង្គឡាយព្រះហស្តលេខាចេញព្រះរាជសារកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ធ្វើព្រះរាជអន្តរាគមន៍ ឬបញ្ចេញព្រះរាជតម្រិះពាក់ព័ន្ធនឹងរឿងបោះឆ្នោតទៅវិញ ។
ក្រុមអ្នកច្បាប់បានលើកឡើងថា ការចេញព្រះរាជសារព្រះរាជអន្តរាគមន៍ ឬផ្តល់ព្រះតម្រិះផ្សេងៗដោយអង្គព្រះមហាក្សត្រ គឺជាការល្អប្រសើរហើយ ប៉ុន្តែមិនត្រូវធ្វើពេលព្រះអង្គគង់បរទេសទេ អាចរង់ចាំព្រះអង្គយាងមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ សឹមចេញព្រះរាជសារក៏មិនយឺតពេលដែរ និងធ្វើឲ្យព្រះរាជសារមានតម្លៃថែមទៀតផង ដើម្បីបង្ហាញឲ្យឃើញថា ព្រះមហាក្សត្រប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជាមុនគេបង្អស់ទុកជាគំរូ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា មានចំណុចគួរឲ្យមន្ទិលសង្ស័យទៅលើរូបភាពនៃការចេញព្រះរាជសារ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់អង្គព្រះមហាក្សត្រទាំងតក់ក្រហល់នេះ ខណៈព្រះអង្គកំពុងគង់នៅឯបរទេសេនៅឡើយ ហើយព្រះរាជសារនេះហាក់បង្ហាញអំពីព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដោយដាក់សម្ពាធខ្លាំង ឬចាប់បង្ខំឲ្យគណបក្សនយោបាយប្រឆាំងគោរព ឬដើរតាមផ្លូវនៃការយល់ឃើញរបស់គណបក្សកាន់អំណាច គឺលទ្ធផលឆ្នោតត្រូវតែផ្អែកលើការដោះស្រាយរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ស្របពេលដែលគណបក្សនយោបាយប្រឆាំងកំពុងទាមទារឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត តាមរយៈគណៈកម្មការចម្រុះឯករាជ្យមួយនោះ ។
ក្រុមអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា ក្នុងករណីអ្នកនយោបាយមានការមិនចុះសម្រុងគ្នា នាំទៅដល់បង្កភាពជាប់គាំងផ្នែកនយោបាយធ្ងន់ធ្ងរនៅ គឺអង្គព្រះមហាក្សត្រដែលទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ គួរតែគង់នៅក្នុងប្រទេស ធ្វើការកោះអញ្ជើញអ្នកនយោបាយទាំងនោះឲ្យមកចូលតុចរចារកដំណោះស្រាយដោយផ្ទាល់ ប្រសើរជាងចេញព្រះរាជសារចំនួនពីរឬបីដងដោយប្រយោល ដែលនាំឲ្យបាត់បង់តម្លៃ ឥទ្ធិពលនៃអង្គព្រះមហាក្សត្រដែលទ្រង់ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ៕