ព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិជាទីស្នេហារបស់ព្រះអង្គនោះ ត្រូវបានចាត់ទុកថា ជាការពិតហើយ ពីព្រោះសូម្បីតែគណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ប្រកាសគាំទ្រនឹងដង្ហែតាមព្រះរាជតម្រិះរបស់អង្គព្រះមហាក្សត្រចែងក្នុងព្រះរាជសារនេះដែរ ទោះបីអង្គព្រះមហាក្សត្រកំពុងយាងគង់នៅប្រទេសចិននៅឡើយក៏ដោយ។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញថា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣នេះ គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសាររហូតដល់ទៅ៣លើក រួមមាន៖ លើកទី១ធ្វើនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ «មុនពេលបោះឆ្នោត» លើកទី២ធ្វើនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ «ក្រោយពេលប្រកាសលទ្ធផលឆ្នោតបឋម» និងលើកទី៣ ធ្វើនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ «ក្រោយពេលប្រកាសលទ្ធផលបណ្តោះអាសន្ន និងក្នុងពេលព្រះអង្គគង់នៅប្រទេសចិននៅឡើយ»។
យោងតាមចំនួនលើកនៃការចេញព្រះរាជសាររបស់អង្គព្រះមហាក្សត្រទាក់ទងទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ច្រើនបែបនេះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះកាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ ឆ្នាំ២០០៨ កន្លងមក អង្គព្រះមហាក្សត្រ បានចេញព្រះរាជសារតែមួយលើកប៉ុណ្ណោះគឺធ្វើនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៨ «មុនពេលបោះឆ្នោត» ហើយព្រះអង្គបានយាងគង់នៅរាជធានីភ្នំពេញថែមទៀត។
ដូច្នេះ តើប្រិយមិត្តអ្នកអានមានការចាប់អារម្មណ៍យ៉ាងណាដែរទាក់ទងទៅនឹងលទ្ធផលឆ្នោតបណ្តោះអាសន្នក្តី ជំហររបស់គណបក្សនយោបាយកាន់អំណាចក្តី ជំហររបស់គណបក្សនយោបាយប្រឆាំងក្តី និងការចេញព្រះរាជសារច្រើនលើករបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្តី ជុំវិញព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ «២០១៣-២០១៨» នេះ?៕