ប្រភពពីបណ្តាញព័ត៌មានរបស់កូរ៉េខាងត្បូងឈ្មោះ Chosun Ilbo បានឲ្យដឹងថា ការជ្រើសរើសស្ត្រីឲ្យចូលបម្រើក្នុងវិស័យសិល្បៈ «ក្រុមរាំ-ចម្រៀង» ដើម្បីបម្រើការកម្សាន្តរបស់មេដឹកនាំកូរ៉េនុយក្លេអ៊ែរនេះ គឺសុទ្ធតែត្រូវឆ្លងកាត់ការត្រួតពិនិត្យវិនិច្ឆ័យជាបឋមទៅលើភាពបរិសុទ្ធ «ព្រហ្មចារីយ៍»។ លើសពីនេះទៀត ការចូលបំពេញកាតព្វកិច្ចយោធាក្នុងក្របខ័ណ្ឌជាស្ត្រីក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្នែកសុខភាពផ្លូវភេទដែរ។
តាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានកូរ៉េខាងត្បូងដដែលនេះឲ្យដឹងថា ការត្រួតពិនិត្យសុខភាពសម្រាប់ស្ត្រីចូលបំពេញកាតព្វកិច្ចយោធាបានបង្ហាញឲ្យឃើញថា យុវតីវ័យចាប់ពី១៦ឆ្នាំឡើងទៅចំនួន៦០%បានឆ្លងកាត់ការរួមភេទរួចទៅហើយ។ សម្ពាធលើការលំបាកក្នុងជីវភាពរបស់ពលរដ្ឋកូរ៉េខាងជើងដែលប្រឈមនឹងគ្រោះទុរ្ភិក្សជាទូទៅ សូម្បីតែនិស្សិតសិក្សានៅមហាវិទ្យាល័យក៏ត្រូវបង្ខំចិត្តផ្ទេរមករកស៊ីមុខរបរពេស្យាចារដែរ ដែលភ្ញៀវឫម៉ូយរបស់ពួកគេច្រើនតែជាមន្ត្រីជាន់ខ្ពស់។
ឋិតក្នុងស្ថានភាពជាក់ស្តែងបែបនេះ ក្រៅតែអំពីជួបប្រទះទៅនឹងជំងឺបណ្តាលមកពីការរួមភេទពាសវាលពាសកាលនោះ គឺការជ្រើសរើសស្ត្រីព្រហ្មចារីយ៍ឲ្យចូលបម្រើក្នុងក្រុមរាំ-ច្រៀង សម្រាប់បំពេញតម្រូវការកម្សាន្តរបស់ពួកមេដឹកនាំកូរ៉េខាងជើង កំពុងប្រឈមនឹងការលំបាកក្នុងការស្វែងរកនារីៗព្រហ្មចារីយ៍ទាំងនោះ។ មានន័យថា បុរសខ្លាំងវ័យក្មេងរបស់កូរ៉េខាងជើង Kim Jong Un កំពុងតែប្រឈមនឹងការលំបាកខ្លាំងក្នុងការ «ប្រមាញ់» នារីព្រហ្មចារីយ៍សម្រាប់យកមកបំពេញតម្រូវការសប្បាយរបស់ខ្លួន និងគូកនក្រោមរូបភាពនារីក្រុមរាំ-ច្រៀង។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញថា នៅប្រទេសកុម្មុយនីស្តផ្តាច់ការមួយនេះគឺប្រជាពលរដ្ឋទទួលរងទុក្ខវេទនានៅកណ្តាលវាលស្រែ រីឯអ្នកទទួលបានការសប្បាយគឺជាប្រភេទមន្ត្រីជាន់ខ្ពស់មានអំណាច និងក្រុមសិល្បៈរាំ-ច្រៀងមួយចំនួន ដែលមានសំណាងបានជាប់ឈ្មោះក្នុងក្រុមបម្រើឲ្យការសប្បាយរបស់អ្នកមានអំណាចធំៗប៉ុណ្ណោះ៕