គណបក្សនយោបាយធំៗទាំងពីរដែលនឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលថ្មី"នីតិកាលទី៥" គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកដល់ចំណុចផ្លូវបំបែក ព្រមទាំងមានការកើនឡើងនូវកម្តៅនៃការ"ផ្លែងសរ"ចុះឡើង ព្រោះមិនចុះសម្រុងគ្នាទៅនឹងលទ្ធផលឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ។
លទ្ធផលឆ្នោតបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រសរុបទូទាំងប្រទេសចំនួន៣.២៣៥.៩៦៩សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២.៩៤៦.១៧៦សំឡេង ។ ការគណនាមិនទាន់ផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទូលបានអាសនៈចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥អាសនៈ នៅក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន១២៣អាសនៈ ។
ក្រោយការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតសឹងរួចរាល់ហើយភ្លាមៗនោះ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា "គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះរហូតទទួលបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភានីតិកាលថ្មី ដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មីនេះ" ។ រីឯគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថា "គណបក្សសង្គ្រោះជាតិនឹងទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងតិចចំនួន៦៣អាសនៈនៅក្នុងរដ្ឋសភានីតិកាលថ្មី" ។ លើសពីនេះ គណបក្សសង្គ្រោះជាតិបានធ្វើការចោទប្រកាន់ថា មានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ។
ដោយការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ទើបគណបក្សសង្គ្រោះជាតិបានព្យាយាមស្នើសុំទៅគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ឲ្យមានការរៀបចំបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣មកម្ល៉េះ ក្នុងន័យសំដៅធ្វើឲ្យអ្នកឈ្នះឆ្នោតឈ្នះដោយកិត្តិយស និងអ្នកចាញ់ឆ្នោតចាញ់ដោយអស់ចិត្ត ។
សំណើរបស់គណបក្សសង្គ្រោះជាតិត្រូវបានច្រានចោលគ្រប់ជំហាន ពីសំណាក់ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ដោយ គ.ជ.ប បកស្រាយថា "ហួសពីសិទ្ធិអំណាច និងសមត្ថកិច្ចរបស់ គ.ជ.ប" ស្របពេលដែលគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតតាមរយៈ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងបានចោទប្រកាន់ថា សំណើរបស់គណបក្សសង្គ្រោះជាតិបានបំពានទៅលើមាត្រា១៣៦ថ្មី វាក្យខណ្ឌទី២នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា "ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…" ។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតផ្លូវការមួយតបមកប្រធានគណបក្សសង្គ្រោះជាតិវិញ ជុំវិញសំណើសុំបង្កើតគណៈកម្មការឯករាជ្យនោះ ដោយមានខ្លឹមសារថា "នៅក្នុងស្ថានការណ៍នេះ គ.ជ.ប បានបន្តអនុវត្តន៍ការងារតាមប្រតិទិនរបស់ខ្លួន ដោយបានដោះស្រាយរាល់បណ្តឹងតវ៉ាស្របច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត ។ មកដល់ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញបាននិងកំពុងដោះស្រាយរាល់បណ្តឹងតវ៉ាទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជាសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រកបដោយតម្លាភាព និងយុត្តិធម៌" ។
ដោយឡែកគណបក្សសង្គ្រោះជាតិបានបង្ហាញនូវជំហររបស់ខ្លួនថា ទោះបីទុកឲ្យក្រុមធម្មនុញ្ញធ្វើតាមនីតិវិធីបន្តទៀតក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានគណៈកម្មការចម្រុះឯករាជ្យពិតប្រាកដជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយ ដើម្បីធានាយុត្តិធម៌ជូនម្ចាស់ឆ្នោត ។ បើពុំមានដំណោះស្រាយទេ គឺគណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ ក្នុងគោលបំណងស្របច្បាប់ដើម្បីជំរុញឲ្យបង្ហាញការពិត និងផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត គឺជាការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងមាត្រា៣១ មាត្រា៣៧ និងមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ពីព្រោះគណបក្សសង្គ្រោះជាតិមិនមានជំនឿថា គ.ជ.ប អាចដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតប្រកបដោយតម្លាភាព និងភាពយុត្តិធម៌នៅឡើយ ។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា "មហាបាតុកម្មអហិង្សាដែលនឹងគ្រោងធ្វើនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ គឺមានគោលបំណងទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះប្រកបដោយតម្លាភាព និងយុត្តិធម៌ ។ ពេលណាគណៈកម្មការឯករាជ្យនោះបង្កើតឡើង និងបានបំពេញការងាររបស់ខ្លួនចប់សព្វគ្រប់ហើយ គឺគណបក្សសង្គ្រោះជាតិនឹងទទួលយករាល់សេចក្តីសម្រេចរបស់គណៈកម្មការឯករាជ្យនោះ" ។
ក្រុមអ្នកច្បាប់និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដូចជាមិនហួសហេតុពេកទេ ហើយជាលទ្ធផលល្អផងសម្រាប់គណបក្សប្រជាជនកម្ពុជា នៅពេលគណបក្សបានឈ្នះឆ្នោតដោយថ្លៃថ្នូរ ដោយមានកិត្តិយស ហើយគណបក្សដែលចាញ់ឆ្នោតបានអស់ចិត្ត ប៉ុន្តែការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានឹងធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនលាននាក់មានមន្ទិលសង្ស័យ និងមិនអស់ចិត្ត បើមិនបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតតាមសំណើរបស់គណបក្សសង្គ្រោះជាតិទេនោះ ។
សរុបសេចក្តីមក មានចំណុចដែលមិនចុះសម្រុងគ្នាតែមួយគត់ គឺនៅត្រង់ការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលធ្វើឲ្យគណបក្សនយោបាយធំៗទាំងពីរ"ផ្លែងសរ" ឬ"ពាក់មុខយក្ស"ដាក់គ្នាយ៉ាងក្តៅគគុក ដោយឥឡូវនេះ គណបក្សសង្គ្រោះជាតិហ្វឹកហាត់ធ្វើមហាបាតុកម្មអហិង្សា រីឯអាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជាហ្វឹកហាត់ត្រៀមទប់ទល់ និងបង្ក្រាបបាតុកម្ម ៕