កីឡាករកាយវប្បកម្ម"បង្ហាញសាច់ដុំ"២នាក់ជាបងប្អូនបង្កើតនឹងគ្នា គឺលោក សុភ័ក្ត្រ នន់ និងលោក សុភ័ក្ត្រ ណាន ដែលកំពុងប្រឹងហ្វឹកហាត់យ៉ាងសកម្មនៅឯប្រទេសថៃ ដោយចំណាយពេលវេលានិងប្រាក់ផ្ទាល់ខ្លួននោះ នឹងទទួលបានសិទ្ធិទៅចូលរួមប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេមនៅចុងឆ្នាំ២០១៣នេះ ។
ប្រធានសហព័ន្ធកីឡាវប្បកម្មកម្ពុជាបានប្រាប់ឲ្យដឹងថា សហព័ន្ធនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា "NOCC" កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តពួកគេឲ្យបង្កើនកម្រិតបច្ចេកទេសបានខ្ពស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី២៧នៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលវិញ្ញាសាកីឡាប្រភេទនេះត្រូវបានគេដាក់ឲ្យមានជាលើកដំបូង ។
កីឡាករ សុភ័ក្ត្រ នន់ និងសុភ័ក្ត្រ ណាន ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅប្រទេសថៃនោះ បានប្រាប់ឲ្យដឹងអំពីប្រវត្តិនៃការហ្វឹកហាត់របស់ពួកគេតាមទូរស័ព្ទថា "ដំបូងឡើយពួកខ្ញុំគ្រាន់តែជាកម្មករស៊ីឈ្នួលលក់កម្លាំងពលកម្មនៅថៃ ដើម្បីបានប្រាក់ខែចិញ្ចឹមក្រពះប៉ុណ្ណោះ ប៉ុន្តែដោយស្រឡាញ់វិស័យកីឡា ព្រមទាំងមានមិត្តភក្តិបបួលទៅហាត់ ក៏ឆ្លៀតពេលក្រៅម៉ោងទៅហ្វឹកហាត់រហូតបានចូលរួមប្រកួតនៅប្រទេសថៃជាញឹកញាប់" ។
ពួកគេបានបន្តថា "ក្រោយមកពួកខ្ញុំត្រូវបានប្រទេសជាច្រើនហៅឲ្យទៅចូលរួមប្រកួត ប៉ុន្តែខ្ញុំគិតថា ខ្ញុំជាខ្មែរ គឺត្រូវតែប្រកួតតំណាងឲ្យប្រទេសខ្មែរ ។ ហេតុនេះទើបពួកខ្ញុំបានមកសុំការអនុញ្ញាតពីសហព័ន្ធកីឡាវប្បកម្មកម្ពុជា និងNOCC ហើយក៏បានគាំទ្រពួកខ្ញុំឲ្យបន្តការហ្វឹកហាត់នៅថៃ ដើម្បីត្រៀមចេញទៅប្រកួតស៊ីហ្គេមឆ្នាំ២០១៣នេះ" ។
សុភ័ក្ត្រ ណាន បាននិយាយដោយមោទកភាពថា "ក្លឹបនៅប្រទេសថៃបានមើលឃើញពីសមត្ថភាពរបស់ខ្ញុំ ហើយចង់ឲ្យខ្ញុំលាសញ្ជាតិខែ្មរទៅប្រកួតឲ្យគេ ប៉ុន្តែក្នុងនាមជាខ្មែរ ខ្ញុំត្រូវប្រកួតតំណាងឲ្យខ្មែរជាដាច់ខាត" ។
លោក រស្មី សុខមង្គល ប្រធានសហព័ន្ធកីឡាវប្បកម្មកម្ពុជា និងជាអ្នកនិយមចូលចិត្តកីឡាប្រភេទនេះ បានថ្លែងថា លោកបានចំណាយពេលវេលានិងប្រាក់ផ្ទាល់ខ្លួនមួយចំនួនជួយដល់កីឡាករទាំង២នាក់នេះអស់រយៈពេលជិត៤ឆ្នាំមកហើយ ដើម្បីជំរុញឲ្យពួកគេមានសមត្ថភាពខ្ពស់អាចទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី២៧នៅប្រទេសមីយ៉ាន់ម៉ាបាន ។ លោកបានបន្តថា "ខ្ញុំបានប្រឹងប្រែងជំរុញឲ្យកីឡាករទាំង២នាក់នេះមានទឹកចិត្ត និងខិតខំហ្វឹកហាត់ ។ មិនតែប៉ុណ្ណោះ ខ្ញុំបានសហការជាមួយ NOCC ដើម្បីស្វែងរកអ្នកជួយឧបត្ថម្ភគាំទ្រទាំងថវិកា ទាំងផ្លូវច្បាប់ ដើម្បីឲ្យពួកគេមានឱកាសចេញទៅប្រកួតស៊ីហ្គេមឆ្នាំនេះ ។ ខ្ញុំមានជំនឿចិត្តថា កីឡាករទាំង២មានសមត្ថភាពដណ្តើមមេដាយជូនជាតិមិនខាន ពីព្រោះការប្រកួតកន្លងមក ក៏ដូចជាការប្រកួតកម្រិតអាស៊ីនៅប្រទេសចិន និងបណ្តាប្រទេសនានាដែលឋិតនៅក្នុងសមាគមអាស៊ាន គឺកីឡាករកម្ពុជាឈ្នះបានចំណាត់ថ្នាក់ល្អជានិច្ច" ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ឲ្យដឹងដែរថា កីឡាកាយវប្បកម្មមិនមានលក្ខណៈប្រមូលផ្តុំនៅឡើយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែជាប្រភេទកីឡាមានសក្តានុពល ដោយសារការហ្វឹកហាត់នៅក្រៅប្រទេសដោយខ្លួនឯង ។ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ យើងបានដាក់គោលដៅដណ្តើមមេដាយមាសឲ្យបាន២ខ្ទង់ ។ ដូច្នេះ កីឡាប្រភេទណាដែលមានកម្រិតបច្ចេកទេសខ្ពស់នឹងមានលទ្ធភាពដណ្តើមមេដាយបាន ទោះបីនៅក្រៅការប្រមូលផ្តុំក៏ដោយ ក៏យើងត្រូវបំពេញបែបបទដើម្បីឲ្យបានចេញទៅប្រកួតដែរ ។
ឯកឧត្តមអគ្គលេខាធិការ NOCC បានបន្ថែមទៀតថា យើងមានគណៈកម្មការដើម្បីវាយតម្លៃមុនពេលចេញទៅប្រកួត ហើយនៅក្នុងចំណោមកីឡាចំនួន២២ប្រភេទ ដែលកម្ពុជាបញ្ជូនឲ្យទៅចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ២០១៣នេះ ក៏មានកីឡាកាយវប្បកម្មផងដែរ គឺយើងបានបញ្ជូនកីឡាប្រភេទនេះរួចហើយ ៕