នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គម Facebook ដោយសារលេចចេញព្រះរាជសាររបស់ព្រះមហាក្សត្រឡាយព្រះហស្តលេខានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ត្រូវបានគេបង្ហោះពេញ Facebook តែម្តង ប៉ុន្តែ គេមិនទាន់ទទួលនៅប្រភពព័ត៌មានជាក់លាក់ណាមួយ ដើម្បីបញ្ជាក់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រនេះពិតឫមិនពិតនៅឡើយ។
ចំណុចដែលគួរឲ្យពិចារណាបំផុតនោះគឺការលេចចេញព្រះរាជសាររបស់ព្រះមហាក្សត្របង្ហោះនៅក្នុង Facebook នេះ ស្របពេលដែលអង្គព្រះមហាក្សត្រកំពុងគង់នៅប្រទេសចិននៅឡើយ ហើយគេមិនទាន់ដឹងច្បាស់ថា តើអង្គព្រះមហាក្សត្រនៃយើងបានប្រទានសិទ្ធិជូនឥស្សរជនណាម្នាក់បំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី ឫយ៉ាងណានោះទេ ក្នុងខណៈដែលព្រះអង្គកំពុងយាងគង់នៅប្រទេសចិន?
ក្រុមអ្នកច្បាប់បានលើកឡើងថា ប្រសិនបើអង្គព្រះមហាក្សត្របានប្រទានសិទ្ធិជូនឥស្សរជនណាម្នាក់ជាប្រមុខរដ្ឋស្តីទីរួចហើយនោះ គឺព្រះមហាក្សត្រទ្រង់មិនអាចឡាយព្រះហស្តលេខាលើព្រះរាជសារក្នុងព្រះឋានៈជាព្រះមហាក្សត្រ ដែលទ្រង់ជាព្រះប្រមុខរដ្ឋបាននោះទេ។
ព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគេបង្ហោះពេញ Facebook នោះ បានបញ្ជាក់ដូចក្នុងខ្លឹមសារដែលបានភ្ជាប់មកជាមួយនេះ។
ប៉ុន្តែ ទោះយ៉ាងណាក៏ដោយព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះរបស់អង្គព្រះមហាក្សត្រមិនទាន់មានប្រភពជាក់លាក់ណាមួយអះអាងថា ជាការពិត ឫយ៉ាងណានោះទេ ខណៈដែលប្រភពពីក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថា អង្គព្រះមហាក្សត្រនឹងយាងមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅសប្តាហ៍ក្រោយ៕