ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប បើក​កញ្ចប់​សុវត្ថិភាព «​ក​» ចំនួន​៨​ការិយាល័យ​នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​

​ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» បើក​កញ្ចប់​សុវត្ថិភាព «​ក​» ចំនួន​៨ ការិយាល័យ​ឋិត​ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ នៃ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​តាម​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សេចក្តីសម្រេច​លេខ​៣១/២០១៣​កប​ធ​.​សសរ ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣​។​ ​

ការិយាល័យ​ទាំង​៨​ដែល​នឹងត្រូវ​បើ​កញ្ចប់​សុវត្ថិភាព «​ក​» ដើម្បី​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត​ក្នុង​ទម្រង់​លេខ​១១០២ និង​លេខ​១១០៨ ព្រមទាំង​ក្រដាស​ធំ​កត់ត្រា​សំឡេងឆ្នោត​នោះ រួមមាន​៖ ការិយាល័យ​លេខ​១០៦៨ ១០៧១ ០៨៣៣ ១១៨១ ១១៥៦ ១២៣៨ ១២៩១ និង​ការិយាល័យ​លេខ​១២៩២​។​ ​

ការបើក​កញ្ចប់​សុវត្ថិភាព «​ក​»​នេះ នឹងត្រូវ​ធ្វើ​នៅ​ទីស្តីការ គ​.​ជ​.​ប នា​ថ្ងៃអាទិត្យ​ទី​០១ ខែកញ្ញា​ឆ្នាំ​២០១៣ វេលា​ម៉ោង​០៨​ព្រឹក​ខាងមុខ​។​ ​

នេះ​គឺជា​មណ្ឌលបោះឆ្នោត​ទី​៤​ហើយ ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប បើក​កញ្ចប់​សុវត្ថិភាព «​ក​» នៅ​ការិយាល័យ​បោះឆ្នោត​មួយចំនួន​ដែល​លើក​ទី​១៖ មណ្ឌល​ខេត្តក្រចេះ លើក​ទី​២៖ មណ្ឌល​ខេត្តបាត់ដំបង លើក​ទី​៣៖ មណ្ឌល​ខេត្តសៀមរាប «​បើក​នាពេល​ព្រឹក​មិញ​» និង​លើក​ទី​៤៖ មណ្ឌល​ខេត្តកណ្តាល​។​ ​

សូមបញ្ជាក់​ជូន​ថា នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ​បាន​ចាញ់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២៦១.៥៨៧​សំឡេង និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣៦៦.០៥៦​សំឡេង «​យោងតាម​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ប្រកាស​ដោយ គ​.​ជ​.​ប​»​។​ ​ប៉ុន្តែ នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត ទើបបាន​ដាក់ពាក្យ​បណ្តឹង​បន្ត​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ ប្រឆាំងនឹង​ការសម្រេច​របស់ គ​.​ជ​.​ប ដែល​បានចេញ​សេចក្តីសម្រេច​លេខ​០២១/១៣​គជប​.​សសរ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៣៕​

ccc30

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.