ការបើកកញ្ចប់សុវត្ថិភាព «ក» ចំនួន១២ការិយាល័យបោះឆ្នោត «៥ការិយាល័យនៅក្រុងសៀមរាប និង៧ការិយាល័យនៅស្រុកពួក» នៃមណ្ឌលបោះឆ្នោតខេត្តសៀមរាប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ដើម្បីផ្ទៀងផ្ទាត់ក្នុងទម្រង់លេខ១១០២ និងលេខ១១០៨ ព្រមទាំងក្រដាសកត់ត្រាសំឡេងឆ្នោតតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនាពេលព្រឹកនេះបានបញ្ចប់ហើយ ដោយចំណាយពេលវេលាប្រមាណ៣ម៉ោង ព្រមទាំងមានការចូលរួមពីសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ លោកជំទាវ ចែម វេយ្យរិទ្ធ និងឯកឧត្តម ពិត តាំងសាន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលតំណាងឲ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
លទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព «ក» របស់ គ.ជ.ប នៅមណ្ឌលបោះឆ្នោតខេត្តសៀមរាប បានបង្ហាញឲ្យឃើញថា ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង១២ គឺមាន៧ការិយាល័យចំហធ្លុងមិនមានការបិទកាវសុវត្ថិភាពទេ និង៥ការិយាល័យទៀតមានបិទកាវដែរ ប៉ុន្តែខុសក្បួនខ្នាតបច្ចេកទេស និងជាមួយគ្នានេះមានកញ្ចប់សុវត្ថិភាព «ក» មួយចំនួនមានការដាច់រហែក។ ពិសេសជាងនេះទៅទៀត គឺភាពមិនប្រក្រតីធ្ងន់ធ្ងរនៅត្រង់ថា ទិន្នន័យនៅក្នុងក្រដាសកត់ត្រាសំឡេងឆ្នោតរបស់ គ.ជ.ប ផ្ទាល់ មានភាពខុសគ្នាតែម្តង មានការកោសលុបតួលេខ ពោលគឺហាក់ដូចជាមានការកែបន្លំតួលេខសន្លឹកឆ្នោតដូច្នោះដែរ។ បើគិតទៅលើលទ្ធផលសំឡេងឆ្នោត ទាំងមានភាពមិនប្រក្រតីនេះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះនាំមុខលើគណបក្សសង្គ្រោះជាតិ។
ឯកឧត្តម គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិជាម្ចាស់បណ្តឹងដែលបានចូលរួមក្នុងការបើកកញ្ចប់សុវត្ថិភាព «ក» នៅពេលព្រឹកនេះដែរនោះ បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានថា គណបក្សសង្គ្រោះជាតិក៏ដូចជារូបឯកឧត្តមផ្ទាល់មិនអាចទទួលយកបានឡើយ នូវលទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព «ក» នៅមណ្ឌលបោះឆ្នោតខេត្តសៀមរាប ទាំង១២ការិយាល័យដែលមានភាពមិនប្រក្រតីនេះ៕