សំឡេងផ្ទុះបានលាន់សូរដូចគេបាញ់កាំភ្លើងយន្ដជាច្រើនគ្រាប់កក្រើករាជធានីភ្នំពេញបានកើតមានឡើងនៅវេលាម៉ោង០១និង២៥នាទីរំលងអធ្រាត្រនាថ្ងៃទី២៩ខែសីហា ឈានចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៣នេះ ធ្វើឱ្យមនុស្សម្នា ភ្ញាក់ពីដំណេកយ៉ាងតក់ក្រហល់ ពោរពេញដោយភាពភ័យខ្លាចបំផុត ។
តាមសមត្ថកិច្ចបញ្ជាក់បានឱ្យដឹងថា សំឡេងផ្ទុះធ្វើឱ្យកក្រើករាជធានីភ្នំពេញ ទាំងកណ្ដាលអធ្រាត្រនេះ គឺមិនមែនជាស្នូរផ្ទុះគ្រាប់កាំភ្លើងយន្ដអ្វីទេ ប៉ុន្ដែគឺជាសំឡេងផ្ទុះនៃការអុជកាំជ្រួចអបអរពិធីបុណ្យសពរបស់ លោក ងិន សាភុំ អាយុ៦៧ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ឋិតនៅ ផ្លូវលេខ៨៧ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ ។
សមត្ថកិច្ចទាំងប៉ូលិស ទាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ក៏ដូចជាសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់បឹងទំពុនដែលទទួលរងការភ្ញាក់ផ្អើលក្នុងហេតុការណ៍ឮសំឡេងផ្ទុះយ៉ាងខ្លាំងនេះ បានបញ្ជាក់ឱ្យដឹងថា ពួកគាត់មិនបានដឹងអំពីគម្រោងនៃការអុជកាំជ្រួចអបអរបុណ្យសពនេះទេ ទើបតែឮសំឡេងផ្ទុះយ៉ាងកក្រើក ទើបពួកគាត់បានដឹងថា ក្រុមគ្រួសារនៃសពបានអុជកាំជ្រួចធ្វើឱ្យផ្អើលដល់មនុស្សម្នាទាំងរំលងអធ្រាត្រដូច្នេះ ។
ទោះយ៉ាងណា គេមិនទាន់ដឹងថា តើការអុជកាំជ្រួចអបអរពិធីបុណ្យសពរបស់លោក ងិន សាភុំ ដែល ធ្វើឱ្យផ្អើលមនុស្សម្នាទាំងរំលងកណ្ដាលអធ្រាត្រក្នុងរាជធានីភ្នំពេញនេះ បានទទួលការអនុញ្ញាតពីថ្នាក់ណាមួយនោះពិតប្រាកដនៅឡើយទេ ៕