សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើលិខិតផ្លូវការតបមកឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិញហើយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះ បន្ទាប់ពីមេគណបក្សកាន់អំណាចបានទទួលលិខិតចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ របស់មេគណបក្សប្រឆាំងរួចមក។
ខ្លឹមសារលិខិតរបស់មេគណបក្សកាន់អំណាចដែលបានឆ្លើយតបមកមេគណបក្សប្រឆាំងនោះ មិនបានលើកឡើងអំពីជំហររបស់គណបក្សប្រជាជនកម្ពុជាក្នុងការបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ តាមសំណើរបស់គណបក្សសង្គ្រោះជាតិឡើយ ដោយមេគណបក្សកាន់អំណាចបានបញ្ជាក់ថា «នៅក្នុងស្ថានការណ៍នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្តអនុវត្តន៍ការងារតាមប្រតិទិនរបស់ខ្លួន ដោយបានដោះស្រាយរាល់បណ្តឹងតវ៉ាស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ មកដល់ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញបាននិងកំពុងដោះស្រាយរាល់បណ្តឹងតវ៉ាទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជាសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រកបដោយតម្លាភាព និងយុត្តិធម៌។»។
នៅទីបញ្ចប់នៃលិខិតរបស់មេគណបក្សកាន់អំណាចបានលើកឡើងផងដែរថា «ប៉ុន្តែ ទោះបីយ៉ាងនេះក្តីក៏គណបក្សប្រជាជនកម្ពុជានៅតែមានសុច្ឆន្ទៈដ៏ពិតប្រាកដ ដើម្បីបន្តការចរចាដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើលទ្ធផលនៃការបោះឆ្នោត និងស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ ដែលជាផ្លូវដ៏ល្អបំផុត ដើម្បីធានាបាននូវភាពសុខសាន្តរបស់ប្រជាជនយើង។»។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ម្សិលមិញនេះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើលិខិតផ្លូវការមួយច្បាប់គោរពជូនសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំឲ្យមានកិច្ចប្រជុំបន្តរវាងក្រុមការងារនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាជាបន្ទាន់ ដើម្បីបង្កើតគណៈកម្មការឯករាជ្យមួយដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ដោយឡែក នៅវេលាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះដែរ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សថា គណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខដែលជាជម្រើសចុងក្រោយបង្អស់របស់គណបក្ស ប្រសិនបើមិនមានការដោះស្រាយសមស្របណាមួយពាក់ព័ន្ធនឹងការបោះឆ្នោត៕