ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនៅវេលាព្រឹកនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា មហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ គឺជាជម្រើសចុងក្រោយដែលយកលំនាំតាមការដឹកនាំរបស់អតីតមេដឹកនាំឥណ្ឌា មហាត្មះ គន្ធី ។
ឯកឧត្តម សម រង្ស៊ី បានមានប្រសាសន៍ឲ្យដឹងថា មហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតដែលមានភាពមិនប្រក្រតីនោះ នឹងកើតមានឡើងក្នុងករណីគ្មានដំណោះស្រាយសមស្របតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ មានន័យថា ការធ្វើមហាបាតុកម្មនេះគឺជាជម្រើសចុងក្រោយបង្អស់របស់គណបក្សសង្គ្រោះជាតិ ។
ឯកឧត្តមប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពរូបនេះ បានឲ្យដឹងដែរថា គណបក្សសង្គ្រោះជាតិគ្រោងនឹងដឹកនាំមហាបាតុកម្មដោយមានការចូលរួមពីមនុស្សត្រឹមប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ គឺមិនចង់បានច្រើនដូចនៅប្រទេសដទៃទេ ហើយមហាបាតុកម្មនេះនឹងប្រព្រឹត្តទៅដោយអហិង្សា មិនឲ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែមានឆន្ទៈមុះមុត ដូចដែលអ្វីអតីតមេដឹកនាំឥណ្ឌា មហាត្មះ គន្ធី ធ្លាប់បានធ្វើកន្លងមក ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានបញ្ជាក់យ៉ាងច្បាស់លាស់ថា គម្រោងធ្វើមហាបាតុកម្មនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ ហើយចាប់ពីពេលនេះតទៅគណបក្សសង្គ្រោះជាតិនឹងបើកកម្មវិធីបង្រៀនអំពីក្បួនខ្នាតរបៀបរបបនៃការធ្វើមហាបាតុកម្មទៅដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលមានបំណងចង់ចូលរួមធ្វើមហាបាតុកម្មសង្គ្រោះជាតិជាប្រវត្តិសាស្ត្រនេះ ៕