សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង០៥នាទីរំលងអាធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមារីគូថប៉ោង និងរថយន្តម៉ាកឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿងដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅចំណុចលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តកាមេរីគូថប៉ោងនោះ គឺលោក អ៊ិត សេដ្ឋា ដែលគេស្គាល់ថា ជាពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ CTN ធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត រីឯរថយន្តឡង់គ្រីស័រ បើកបរដោយបុរសម្នាក់ដែលពុំស្គាល់អត្តសញ្ញាណ ពីព្រោះបានគេចខ្លួនបាត់បន្ទាប់ពីជួបហេតុការណ៍ជួបគ្រោះថ្នាក់ចរាចរណ៍នេះរួចមក។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តម៉ាកឡង់គ្រីស័រ បានរេចង្កូតទៅបុករថយន្តរបស់លោក អ៊ិត សេដ្ឋា នៅផ្នែកខាងក្រោយ បណ្តាលឲ្យបាក់កាឡេ ទៅមុខលែងរួច ហើយរថយន្តបង្កបានជ្រុលទៅបុកបង្កាន់ដៃស្ពានជ្រោយចង្វាបណ្តាលឲ្យខូចខាតបង្កាន់ដៃស្ពានថែមទៀត ដោយជាប់រថយន្តនៅទីនោះតែម្តង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោកអ៊ិត សេដ្ឋា មិនបានរងរបួសអ្វីទេគឺត្រឹមខូចខាតរថយន្តតែប៉ុណ្ណោះ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ អូសយកទៅទុក ដើម្បីរង់ចាំឲ្យមានការឲ្យចូលខ្លួនមកដោះស្រាយ៕