ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

គណបក្សប្រឆាំង​ចោទ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ថា​អត់​ចេះ​រដ្ឋបាល

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​ចោទប្រកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ថា​ អត់​ចេះ​រដ្ឋបាល​ ។​ ​

ការ​យល់​ឃើញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​ទៅ​លើ​ក្រុមប្រឹក្សាធម្មនុញ្ញ​ មក​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បដិសេធ​មិន​ទទួល​លិខិត​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង​ ដែល​ស្នើ​សុំ​ឲ្យ​មានការ​បើក​កញ្ចប់​សុវត្ថិភាព​"​ក​"​ទាំងអស់​នៅ​មណ្ឌលបោះឆ្នោត​ខេត្តបាត់ដំបង​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ គណបក្ស​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដែល​បដិសេធ​មិន​ទទួល​លិខិត​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​នេះ​គឺជា​កំហុសឆ្គង​មួយ​មិន​អាច​ទទួលយក​បាន​ឡើយ​ ។​ ជា​នីតិវិធី​ និង​បែបបទ​នៃ​ការ​អនុវត្ត​ការងារ​រដ្ឋបាល​ ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​តែ​ទទួល​គ្រប់​លិខិត​ស្នាម​ទាំងអស់​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ទៅ​ស្ថាប័ន​របស់​ខ្លួន​ ឯក​ការ​សម្រេចសេចក្តី​យ៉ាងណា​នោះ​ទើប​ជា​សិទ្ធិ​របស់​ស្ថាប័ន​កំពូល​មួយ​នេះ​ ។​

​នៅ​ទី​បញ្ចប់​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​ គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​លះបង់​ទម្លាប់​នៃ​ការ​អនុវត្ត​បែបបទ​ការងារ​បែប​នេះ​ ហើយ​ធ្វើការ​កែ​លម្អ​ប្រព័ន្ធ​ការងារ​រដ្ឋបាល​របស់​ខ្លួន​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​សមជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ ។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មានច្បាប់​រដ្ឋបាល​សម្រាប់​យក​មក​អនុវត្តន៍​ជា​ទូទៅ​នៅឡើយ​ទេ​ ដូច្នេះ​ហើយ​ទើប​ស្ថាប័ន​របស់​រដ្ឋ​នីមួយៗ​ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​ គឺ​តែង​ប្រើ​នីតិវិធី​រដ្ឋបាល​រៀងៗ​ខ្លួន​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទំនាក់ទំនង​ដាក់​ឯកសារ​នានា​ជូន​ស្ថាប័ន​ទាំងនោះ​ឈឺក្បាល​មិន​ស្ទើរ​ឡើយ​ ហើយ​ជួនកាល​ស្ថាប័នរដ្ឋ​ទាំងនោះ​មិន​ទទួល​ពាក្យ​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង​ ៕​

Ek​-Samol

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.