ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

មេគណបក្ស​ប្រឆាំងបន្ទន់​ឥរិយាបទ​​ធ្វើលិខិត​ផ្លូវការ​ទៅ​មេគណបក្ស​កាន់អំណាច​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ត​​ដោះស្រាយបញ្ហាបោះឆ្នោត

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​គោរព​ជូន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣​នេះ ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ត​រវាង​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​លិខិតផ្លូវការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​យោងតាម​សេចក្តីប្រកាស​រួម​ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ របស់​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​លើកឡើងថា កាលពី​ថ្ងៃទី​០៩ ខែសីហា និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​កន្លងទៅនេះ ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ចំនួន​ពីរលើក​នៅ​វិមាន​រដ្ឋសភា ក្នុង​គោលបំណង​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មួយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​។ ប៉ុន្តែ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំងពីរ​លើក​នេះ​មិន​ទទួលបាន​លទ្ធផល​ជាក់លាក់​ណាមួយ​នោះទេ ដោយ​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​បាន​ស្វែងយល់​ពី​បំណង និង​គោល​គំនិត​របស់​គណបក្ស​ទាំងសងខាង ហើយ​និង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​ឈានទៅរក​ការឯកភាព និង​ពិនិត្យ​លទ្ធភាព​បន្ត​ការជួបពិភាក្សា​នៅពេល​ក្រោយ​ទៀត​។​

​នៅ​ទីបញ្ចប់​នៃ​លិខិតផ្លូវការ​របស់​ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា ដោយ​យោងតាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម​នៃ​ក្រុមការងារ នៃ​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ត​រវាង​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជាបន្ទាន់ ហើយ​សមាសភាព​ដែល​ចូលរួម គឺជា​តំណាង​គណបក្ស​ដែលមាន​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្តីសម្រេច​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដោះស្រាយ​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​៕​

cnrp-28-01

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.