នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានឯកឧត្តម ឯក សំអុល ជាប្រធានបានសម្រេចអនុញ្ញាតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» បើកកញ្ចប់សុវត្ថិភាព «ក» នៅការិយាល័យមួយចំនួននៃមណ្ឌលបោះឆ្នោតខេត្តសៀមរាប បន្តទៀត តាមបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ។
ការិយាល័យឋិតនៅក្នុងក្រុងសៀមរាប និងស្រុកពួក នៃមណ្ឌលបោះឆ្នោតខេត្តសៀមរាប ដែលនឹងត្រូវបើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោតក្នុងទម្រង់១១០២ និង១១០៨ ព្រមទាំងក្រដាសកត់ត្រាសំឡេងឆ្នោតនោះ រួមមាន៖ ការិយាល័យលេខ ០២៨៣ ០២៨៥ ឋិតនៅសង្កាត់ក្របីរៀល, ការិយាល័យលេខ ០៤២៥ ០៤៤២ ឋិតនៅសង្កាត់ស្វាយដង្គុំ, ការិល័យលេខ០៨១៧ ឋិតនៅសង្កាត់ស្លក្រាម, ការិយាល័យលេខ ០៣២៣ ០៣២៤ និងលេខ ០៣២៦ ឋិតនៅឃុំរើល ស្រុកពួក, ការិយល័យលេខ០២៩៤, ០៦៧៣ និងលេខ០៧១៨ ឋិតនៅឃុំល្វា ស្រុកពួក និង ការិយាល័យលេខ ០៣៤៦ ឋិតនៅឃុំត្រីញ័រ ស្រុកពួក។ ការបើកកញ្ចប់សុវត្ថិភាព «ក» ខាងលើនេះនឹងត្រូវធ្វើនៅទីស្តីការ គ.ជ.ប នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ០៨ព្រឹក។
នេះគឺជាការសម្រេចលើកទី៣ហើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានអនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោតតាមពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលលើកទី១ នៅមណ្ឌលបោះឆ្នោតខេត្តក្រចេះ កាលពីថ្ងៃទី២៥ ខែសីហា លើកទី២ នៅមណ្ឌលបោះឆ្នោត ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែសីហា និងលើកទី៣នេះនៅមណ្ឌលបោះឆ្នោតខេត្តសៀមរាប ដែលនឹងត្រូវធ្វើនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ខាងមុខ។
សូមបញ្ជាក់ជូនដែរថា យោងតាមលទ្ធផលឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលបានប្រកាសដោយ «គ.ជ.ប» កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ កន្លងមក បានបង្ហាញថា នៅមណ្ឌលបោះឆ្នោតទាំង៣ខាងលើនេះគឺគណបក្សសង្គ្រោះជាតិបានចាញ់ឆ្នោតគណបក្សប្រជាជនកម្ពុជាជាហេតុធ្វើឲ្យគណបក្សសង្គ្រោះជាតិប្តឹងតវ៉ាអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីទាមទាររកយុត្តិធម៌ឡើងវិញ៕