កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកអង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ដែលគេហៅសាមញ្ញអង្គភាពទឹកស្អាតនោះ បានផ្គត់ផ្គង់ទឹកចេញពីក្បាលរ៉ូប៊ីណេលាយជាតដីសុទ្ធ ពណ៌ខ្មៅដូចទឹកត្រាំស្លឹកត្នោត ដែលកុំថាឡើយយកមកទទួលទាន និងងូតសម្អាតកាយមិនបាន សូម្បីតែយកមកលាងជើង និងលាងចានក៏មិនបានផង។
លុះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១៩ និង៣០នាទីល្ងាចកន្លងទៅថ្មីៗនេះ ការផ្គត់ផ្គង់ទឹករបស់អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ដែលអួតថាជា «ទឹកស្អាតផឹកបានផ្ទាល់ពីរ៉ូប៊ីណេ» នោះ បានបញ្ចេញទឹកពីក្បាលរ៉ូប៊ីណេឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ គឺជាទឹកមហាកខ្វក់ ដូចកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ អ៊ីចឹងដែរ ដែលជាប្រភេទទឹកយកមកប្រើប្រាស់មិនកើតតែម្តង។
រូបភាពនៃការផ្គត់ផ្គង់ទឹកមហាកខ្វក់របស់អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ម្តងជាពីរដង ឬអាចច្រើនដង ដោយមិនបានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ និងទូលំទូលាយជាមុននោះបានបង្ហាញឲ្យឃើញថា ជាអំពើរំលោភលើទំនុកចិត្តយ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងជាអតិថិជនរបស់អង្គភាពរដ្ឋាករទឹក ពីព្រោះអតិថិជន បានបង់លុយគ្រប់គ្រាន់លើការតបណ្តាញ និងប្រើប្រាស់ជូនរដ្ឋាករទឹក បែរជារដ្ឋាករទឹកមិនផ្គត់ផ្គង់ទឹកស្អាតតាមការអួតអាងឲ្យអតិថិជនរបស់ខ្លួន ពោលគឺផ្គត់ផ្គង់ទឹកមហាកខ្វក់ប្រើប្រាស់មិនកើតទៅវិញ។
ឥឡូវ ងាកមកនិយាយអំពីក្រុមហ៊ុនអគ្គិសនីកម្ពុជា «EDC» វិញម្តង គឺមិនខុសពីអង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញឡើយ ពីព្រោះ ១- ឋិតនៅក្រោមឱវាទរបស់ក្រសួងឧស្សហកម្ម រ៉ែ និងថាមពល ដែលមានឯកឧត្តម ស៊ុយ សែម ជារដ្ឋមន្ត្រីដូចគ្នា និង ២- ផ្គត់ផ្គង់សេវាមហាយ៉ាប់យ៉ឺនដូចគ្នា។ ឈានមកដល៊ពាក់កណ្តាលឆ្នាំ២០១៣នេះ ក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលមានឯកឧត្តម កែវ រតនៈ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក មានឋានៈស្មើរដ្ឋលេខាធិការ និងត្រូវជាសាច់ញាតិរបស់ឯកឧត្តម ស៊ុយ សែម នោះ បានអះអាងថា «អគ្គិសនីមានគ្រប់គ្រាន់ហើយនៅរាជធានីភ្នំពេញ»។
ផ្ទុយទៅវិញ មិនដូចជាការអះអាងរបស់ឯកឧត្តម កែវ រតនៈ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី និងជាអគ្គនាយក «EDC» ព្រមទាំងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលំដាប់លេខរៀងទី២ របស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តពោធិ៍សាត់នោះទេ គឺនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ អគ្គិសនីត្រូវបានផ្តាច់ចរនចាប់តាំងពីម៉ោង១១ និង២៥នាទីព្រឹករហូតដល់ម៉ោង១៤ និង៥២នាទីរសៀល នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ «ជាពិសេសទីតាំងចរន្តលេខ៣៧៨ ឋិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ» ទើបមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ ហើយគ្មានការជូនដំណឺងជាមុនឲ្យបានច្បាស់លាស់និងទូលំទូលាយថែមទៀត។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញថា ទោះបីក្រុមហ៊ុន «EDC» បានអួតក្តែងៗថា ថាមពលអគ្គិសនីមានគ្រប់គ្រាន់ហើយក៏ដោយ ក៏អគ្គិសនីទទួលរងការដាច់ចរន្តជាញឹកញាប់ ពោលគឺដាច់ចរន្តតាមតែ «ក្បាលចិត្ត» របស់ក្រុមហ៊ុន «EDC» ដែលការដាច់ចរន្តញឹកញាប់នេះត្រូវបានប្រជាពលរដ្ឋជាអតិថិជនរបស់ក្រុមហ៊ុន «EDC» រអ៊ូររទាំថា ធ្វើឲ្យចំនួនគីឡូវ៉ាត់ម៉ោងប្រើប្រាស់កើនឡើង និងបង្កការខូចខាតដល់គ្រឿងអគ្គិសនីជាបណ្តើរៗថែមទៀត។
សរុបសេចក្តីមក ទាំងក្រុមហ៊ុនអគ្គិសនីកម្ពុជា ទាំងអង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ គឺជាស្ថាប័នមួយដែលប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តរបស់ប្រជាពលរដ្ឋជាអតិថិជនយ៉ាងធ្ងន់ធ្ងរបំផុត ដែលស័ក្តិសមតែនឹងប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលធ្លាប់ទទួលរងគ្រោះព្រោះអំពើអយុត្តិធម៌នេះ នាំគ្នាថ្កោលទោសទៅលើក្រុមហ៊ុនអគ្គិសនីកម្ពុជា និងអង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ តាមនីតិវិធីនៃច្បាប់ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា៕