លទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព "ក" របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" នៅការិយាល័យចំនួន៨នៃមណ្ឌលបោះឆ្នោតខេត្តបាត់ដំបងនៅវេលាព្រឹកនេះបានបញ្ចប់ហើយ គឺបានបង្ហាញឲ្យឃើញថា នៅតែមានភាពមិនប្រក្រតីដូចការបើកកញ្ចប់សុវត្ថិភាព "ក" នៅមណ្ឌលបោះឆ្នោតខេត្តក្រចេះដដែល និងមានស្ថានភាពយ៉ាប់ជាងមុនទៅទៀត ជាពិសេសទៅលើតួលេខសំឡេងឆ្នោតដែលមានភាពខុសគ្នា ទោះបីក្នុងកញ្ចប់សុវត្ថិភាព "ក" ទាំង៨ដែលត្រូវត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ មានការបិទកាវសុវត្ថិភាពយ៉ាងត្រឹមត្រូវក៏ដោយ ។
លើសពីនេះ ការផ្ទៀងផ្ទាត់សំឡេងឆ្នោតតាមរយៈការបើកកញ្ចប់សុវត្ថិភាព "ក" របស់ "គ.ជ.ប" នៅមណ្ឌលបោះឆ្នោតខេត្តបាត់ដំបង គឺ "គ.ជ.ប" មិនបានផ្តល់តួលេខអំពីចំនួនសន្លឹកឆ្នោតបានការ និងមិនបានការនោះឡើយ ដែលជាហេតុនាំឲ្យការផ្ទៀងផ្ទាត់លម្អិតនៃលទ្ធផលឆ្នោតមិនអាចប្រព្រឹត្តទៅបានងាយស្រួល និងជាក់លាក់សម្រាប់គណបក្សសង្គ្រោះជាតិ ដែលជាភាគីម្ចាស់បណ្តឹង ។
ឯកឧត្តម គួយ ប៊ុនរឿន តំណាងឲ្យគណបក្សសង្គ្រោះជាតិដែលបានចូលរួមពិនិត្យមើលការបើកកញ្ចប់សុវត្ថិភាព "ក" របស់ "គ.ជ.ប" ជាមួយសមាសភាពមកពីសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដូចជាឯកឧត្តម អ៊ុត ឈន សម្តេច នរោត្តម សិរីវុឌ្ឍ និងឯកឧត្តម មិន ស៊ាន បានចូលរួមជាដើមនោះ បានមានប្រសាសន៍ថា ឯកឧត្តមមិនអាចទទួលយកបានទេនូវរបៀបរបបធ្វើការងាររបស់ "គ.ជ.ប" ដែលទាក់ទងនឹងការផ្ទៀងផ្ទាត់លទ្ធផលឆ្នោតនៅពេលនេះ ពីព្រោះមានស្ថានភាពយ៉ាប់យ៉ឺនជាងការផ្ទៀងផ្ទាត់សំឡេងឆ្នោតកាលពីលើកមុនទៅទៀត ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុញ្ញាតឲ្យ "គ.ជ.ប" បើកកញ្ចប់សុវត្ថិភាព "ក" នៅការិយាល័យបោះឆ្នោតចំនួន៨ គឺលេខ១១៨៥, ០១៩៣, ០១៨៨, ០២១៦, ០២១៧, ០២០២, ០២០៤ និងលេខ១១២២ ឋិតនៅក្រុងបាត់ដំបងនៃមណ្ឌលបោះឆ្នោតខេត្តបាត់ដំបង ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោតក្នុងទម្រង់លេខ១១០២, ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត ៕