សេចក្តីក្លាហាន និងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានកម្លាំងខ្លាំងក្លា និងពុះកញ្ជ្រោលចង់ឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស និងប្រព័ន្ធគ្រប់គ្រងប្រទេសសព្វថ្ងៃ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ថ្ងៃទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។
ជាលទ្ធផលគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតមានការកើនឡើងយ៉ាងគំហុករហូតទទួលបានសំឡេងឆ្នោតគាំទ្របណ្តោះអាសន្នចំនួន២.៩៤៦.១៧៦សំឡេង ខណៈដែលលទ្ធផលឆ្នោតដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ មិនបានធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអស់ចិត្ត និងទទួលយកបានឡើយ ពីព្រោះចាញ់សំឡេងឆ្នោតគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាដែលទទួលបានចំនួន៣.២៣៥.៩៦៩សំឡេង «គណបក្សសង្គ្រោះជាតិចាញ់គណបក្សប្រជាជនកម្ពុជាចំនួន២៨៩.៧៩៣សំឡេង»។
ទាំងអ្នកគាំទ្រ ទាំងគណបក្សសង្គ្រោះជាតិមានអារម្មណ៍មន្ទិលសង្ស័យទៅលើលទ្ធផលនៃការបោះឆ្នោត ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោត ហើយគណបក្សប្រឆាំងនេះក៏បានដាក់ពាក្យបណ្តឹងតវ៉ាជាបន្តបន្ទាប់ទៅ គ.ជ.ប ឲ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដោយគណបក្សសង្គ្រោះជាតិអះអាងថា ត្រូវទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ យ៉ាងតិចណាស់ចំនួន៦៣អាសនៈដែរ។
ទោះយ៉ាងណាក៏ដោយបណ្តឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិត្រូវបាន គ.ជ.ប ច្រានចោលទាំងអស់ ដោយ គ.ជ.ប ទទួលស្គាល់ថា ការបោះឆ្នោតមានភាពត្រឹមត្រូវ និងសន្និដ្ឋានថាបណ្តឹងរបស់គណបក្សសង្គ្រោះជាតិជាបណ្តឹងដែលខុសឆ្គង និងមិនពិត ជាហេតុធ្វើឲ្យគណបក្សប្រឆាំងសម្រេចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀតទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ។
ក្រៅពីបានដាក់ពាក្យបណ្តឹងតវ៉ានឹងលទ្ធផលឆ្នោតបណ្តោះអាសន្នដែលមិនប្រក្រតីនោះ គណបក្សសង្គ្រោះជាតិក៏ធ្លាប់បានស្នើសុំឲ្យ គ.ជ.ប បង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតផងដែរ ប៉ុន្តែត្រូវទទួលរងបរាជ័យទល់បច្ចុប្បន្ន ពីព្រោះគណបក្សកាន់អំណាចមានជំហរចង់ឲ្យការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតឋិតនៅក្នុងរង្វង់សមត្ថកិច្ចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។
តាមការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ កន្លងមក គ.ជ.ប បានធ្វើការបើកកញ្ចប់សុវត្ថិភាព «ក» ក្នុងការិយាល័យបោះឆ្នោតចំនួន១៣ នៅមណ្ឌលខេត្តក្រចេះនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ ម្សិលមិញនេះដែលជាលទ្ធផលធ្វើឲ្យគណបក្សសង្គ្រោះជាតិខកចិត្តដដែល ដោយគណបក្សសង្គ្រោះជាតិចាត់ទុកថា មានភាពមិនប្រក្រតីទាំងអស់ និងធ្ងន់ធ្ងរថែមទៀត។
សំណួរមួយដែលត្រូវបានចោទសួរគឺ តើជឿដែរឬទេថា គណបក្សប្រជាជនកម្ពុជា ទទួលបានការឈ្នះឆ្នោតដោយយុត្តិធម៌និងតម្លាភាព?
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាបានបង្ហាញនូវជំហរយ៉ាងជាក់លាក់ឆ្លើយតបទៅនឹងសំណួរខាងលើនេះថា «មិនជឿ» ដោយក្រុមអ្នកវិភាគទាំងនោះបានសំអាងទៅលើហេតុផលដូចខាងក្រោម៖
១- បន្ទាប់ពីទទួលបានទិន្នន័យលទ្ធផលឆ្នោតបឋមតាមមណ្ឌលបោះឆ្នោតនានាហើយភ្លាមតាមរយៈតំណាងគណបក្សនយោបាយរបស់ខ្លួននោះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ថា «គណបក្សសង្គ្រោះជាតិបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ឆ្នាំ២០១៣»។ ប៉ុន្តែ ប្រហែលមិនដល់មួយម៉ោងក្រោយមក ឯកឧត្តម សម រង្ស៊ី បានផ្លាស់ប្តូរសេចក្តីថ្លែងការណ៍ចាស់មកចេញជាសេចក្តីថ្លែងការណ៍ថ្មីវិញ ដោយគ្រាន់តែធ្វើការថ្លែងអំណរគុណចំពោះបងប្អូន ជនរួមជាតិដែលបានអញ្ជើញទៅបោះឆ្នោត។ ស្របពេលជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាឯណោះវិញបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ថា «គណបក្សប្រជាជនកម្ពុជាបានជ័យជម្នះរហូតទទួលបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភានីតិកាលថ្មី ដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មីនេះ»។
ការផ្លាស់ប្តូរខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ឯកឧត្តម សម រង្ស៊ី ពីមុនមកក្រោយយ៉ាងតក់ក្រហល់ពីការប្រកាសថា ទទួលបានការឈ្នះឆ្នោតមកមិននិយាយថាឈ្នះវិញនោះ គឺធ្វើឲ្យមជ្ឈដ្ឋាននានាគិតយល់ថា ទំនងជាមានឥទ្ធិពលសម្ពាធអ្វីមួយពីគណបក្សនយោបាយកាន់អំណាចទើបធ្វើឲ្យគណបក្សសង្គ្រោះជាតិ ផ្លាស់ប្តូរជំហរភ្លាមៗដូច្នេះ ខណៈដែលអាជ្ញាធរបានសម្ញែងនូវសកម្មភាពចល័តកងទ័ពរួចជាស្រេចទៅហើយក្នុងថ្ងៃរាប់សន្លឹកឆ្នោត។
២- ថ្វីដ្បិតគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រពីមណ្ឌលបោះឆ្នោតនៃបណ្តាខេត្តចំនួន៩ ដែលមានអាសនៈសរុបចំនួន៩អាសនៈរួចជាស្រេចក៏ដោយ ក៏នៅមណ្ឌលបោះឆ្នោតរាជធានីភ្នំពេញ និងខេត្តធំៗចំនួន៣ផ្សេងទៀតគឺខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង ដែលជាមណ្ឌលរបស់ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា «សម្តេចទាំងបី» ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ ត្រូវបានគណបក្សសង្គ្រោះជាតិ «វាយបែកបន្ទាយ» និងដណ្តើមបានជ័យជម្នះយ៉ាងត្រចះត្រចង់រហូតធ្វើឲ្យ «សម្តេចទាំងបី» លែងហ៊ានក្អក។ ដូច្នេះ តើមានហេតុផលអ្វីផ្សេងទៀតដែលថា គណបក្សសង្គ្រោះជាតិមិនអាចឈ្នះឆ្នោតទៅលើគណបក្សប្រជាជនកម្ពុជានោះ?
៣- គណបក្សប្រជាជនកម្ពុជាគ្មានសេចក្តីក្លាហានទាល់តែសោះក្នុងការបង្កើតឲ្យមានគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតតាមសំណើរបស់គណបក្សសង្គ្រោះជាតិ។ មានន័យថា គណបក្សប្រជាជនកម្ពុជាអាចដឹងជាមុនរួចទៅហើយថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរទាក់ទងនឹងលទ្ធផលឆ្នោត ដែលធ្វើឲ្យគណបក្សនយោបាយកាន់អំណាចនេះទទួលបានការឈ្នះឆ្នោត។
៤- លទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព «ក» របស់ គ.ជ.ប ត្រឹមការិយាល័យមួយចំនួននៃមណ្ឌលបោះឆ្នោតខេត្តក្រចេះមួយប៉ុណ្ណោះនៅព្រឹកមិញនេះបានបង្ហាញឲ្យឃើញអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរទៅហើយ ចុះទម្រាំមានការបើកកញ្ចប់សុវត្ថិភាព «ក» នៅតាមមណ្ឌលបោះឆ្នោតគ្រប់ការិយាល័យបោះឆ្នោតនោះ តើវានឹងក្លាយទៅជាយ៉ាងណា? តើនឹងមិនអាចធ្វើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយឬ?
រួមសេចក្តីមក ហេតុផលទាំងនេះហើយដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជា មិនជឿទាល់តែសោះថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយយុត្តិធម៌ និងតម្លាភាពទៅលើគណបក្សសង្គ្រោះជាតិនោះ៕